វីតាមីន B2 មានឈ្មោះម៉្យាងទៀតហៅថា Riboflavin។ វីតាមីននេះមានតួនាទីដ៏សំខាន់មួយគឺ វានឹងបំលែងជាតិកាបូអ៊ីដ្រាតទៅជាថាមពលដើម្បីឲ្យកោសិកាក្នុងខ្លួនមនុស្សយើងប្រើប្រាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាក៏មានប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយមនុស្សយើងដែរដូចជា៖
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ជីវជាតិមួយនេះមានសារៈសំខាន់ណាស់សម្រាប់ការសំយោគអង់ទីគ័រ និងសារធាតុការពាររាងកាយផ្សេងៗទៀតសម្រាប់ប្រឆាំងនឹងមេរោគរោគដូចជា បាក់តេរី វីរុស និងមេរោគផ្សិត។ ក្រៅពីនេះ វាក៏ជួយសម្រួលដល់ភាពឆាប់ជាសះស្បើយពីជំងឺផ្តាសាយ អាឡែហ្ស៊ី និងជំងឺផ្សេងៗទៀតជាច្រើនដែរ។
ការពារជំងឺកង្វះគ្រាប់ឈាម
ជំងឺកង្វះគ្រាប់ឈាមមានអាការៈដូចជា ស្លេកស្លាំង អស់កម្លាំង វិលមុខ និងពិបាកដកដង្ហើម។ វីតាមីន B2 អាចជួយបំបាត់អាការៈជំងឺនេះបានដោយសារតែវាមានតួនាទីសម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមតែម្តង។
បង្កើនល្បឿននៃការរំលាយអាហារ
តួនាទីដ៏សំខាន់របស់វាដូចខ្ញុំបានបង្ហាញដំបូងអញ្ជឹងគឺបំលែងកាបូអ៊ីដ្រាតទៅជាថាមពល។ ហេតុដូច្នេះហើយវាក៏ជាប់ទាក់ទងនឹងដំណើរការណ៍នៃការរំលាយអាហារដែរ។ ការញ៉ាំអាហារសម្បូរវីតាមីនមួយនេះនឹងជួយបង្កើតបានជាថាមពលគ្រប់គ្រាន់សម្រាប់បម្រើលើការងារផ្លូវកាយ និងផ្លូវចិត្ត។ បើសិនជាអ្នកកំពុងតែពិបាកក្នុងការសម្រកទំ្ងន់នោះ អ្នកគួរតែញ៉ាំរបបអាហារណាដែលសម្បូរវីតាមីន B2 នេះទៅ។
ពង្រឹងដល់ការមើលឃើញពេលយប់
អ្នកជំនាញខាងជំងឺភ្នែកមិនទាន់យល់ដឹងច្បាស់នូវតួនាទីរបស់វីតាមីន B2 ក្នុងការថែរក្សាភ្នែកនៅឡើយទេ។ យ៉ាងណាមិញ គេគ្រាន់តែសម្គាល់ឃើញថា វត្តមាននៃកន្លែងទទួលទាំងឡាយក្នុងបាតភ្នែកគឺអាស្រ័យទៅលើវីតាមីន B2 នេះឯងដើម្បីអាចពង្រឹងដល់ការមើលឃើញនៅពេលយប់។
ពង្រឹងដល់មុខងារខួរក្បាលនិងសរសៃប្រសាទ
វីតាមីន B ត្រូវបានគេស្គាល់ថាមានតួនាទីសំខាន់មួយចំពោះសុខភាពខួរក្បាល និងសរសៃប្រសាទ។ របបអាហារដែលសម្បូរទៅដោយវីតាមីន B2 មានប្រយោជន៍ណាស់សម្រាប់ប្រព័ន្ធសរសៃប្រសាទទាំងមូល ព្រមទាំងអ្នកជំងឺក្រិនរឹងច្រើនកន្លែង ជំងឺភ្លេចភ្លាំងពេលចាស់ជរា និងថប់អារម្មណ៍ជាដើម។
ល្អបំផុតសម្រាប់ស្បែក
ជីវជាតិមួយនេះត្រូវបានគេស្គាល់ថាអាចបង្ការបញ្ហាស្ងួតស្បែក និងជំងឺដំបៅស្បែកបាន។ វាក៏ល្អចំពោះអាការៈរលាកស្បែក និងជំងឺតាអកដែរ។ ជីវជាតិមួយនេះក៏ជួយបង្កើនល្បឿននៃការជាសះលើបញ្ហារបួសនានាទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
របបអាហារដែលអ្នកអាចទទួលបានវីតាមីន B2 នោះមានដូចជា៖
- ផ្លែអាលមុន
- គ្រាប់ស្វាយច័ន្ទី
- សាច់គោ
- សាច់ជ្រូក
- ត្រីសាលម៉ុង
- អយស្ទើរ
- ស៊ុត
- ផ្សិត
- គ្រាប់ល្ង
- ស្ពៃស្ពីណាច៕