ក្រៅពីទទួលទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃហើយនោះ ការជ្រើសរើសអាហារបានត្រឹមត្រូវក៏ចាំបាច់ណាស់ដែរដើម្បីដោះស្រាយបញ្ហាស្បែកស្ងួត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរទទួលទានជាប្រចាំដើម្បីរក្សាសំណើមនៃស្បែក? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអាចជួយដោះស្រាយបញ្ហាស្បែកស្ងួត ៖
១. យ៉ាអួរ
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនខ្ពស់ និងជាតិខ្លាញ់សុខភាពល្អដែលជួយផ្ដល់សំណើមដល់ស្បែកពីខាងក្នុង ព្រមទាំងល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ គ្រាន់តែប្រាកដថាអ្នកជ្រើសរើសយកយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករខ្ពស់។
២. ត្រីសម្បូរខ្លាញ់
ចូរបន្ថែមប្រភេទត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអោយបានទៀងទាត់។ ត្រីសាលម៉ុន ត្រីសាឌីន និងត្រីធូណាជាដើម គឺសុទ្ធតែជាប្រភេទត្រីដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អជួយផ្ដល់សំណើមដល់ស្បែក និងប្រសើរសម្រាប់សុខភាពបេះដូង។
៣. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពស្បែកជួយទប់ស្កាត់បញ្ហានៃភាពស្ងួត។ ដូច្នេះដើម្បីរក្សាជាតិសំណើមនៃស្បែក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
៤. ចេក
មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងវីតាមីន B6 ដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ក្នុងករណីខ្លះគឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏អាចកិនសាច់ចេកអោយក្លាយជាម៉ដ្ឋខាប់រួចលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៥. ឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកដែលជួយផ្ដល់ និងរក្សាជាតិសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមជ្រីវជ្រួញ។
៦. ផ្លែបឺរ
ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ និងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អនិងវីតាមីន E។
៧. ប្រេងអូលីវ
មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជួយរក្សាសំណើមនៃស្បែកទប់ស្កាត់បញ្ហាស្បែកស្ងួតបានយ៉ាងប្រសើរ។
៨. ត្រសក់
ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងវីតាមីន C ដែលចាំបាច់សម្រាប់ការផលិតកូឡាជែនជួយរក្សាសុខភាពស្បែកនិងផ្ដល់សំណើម។ ដូច្នេះអ្នកដែលមានបញ្ហាស្បែកស្ងួត ចូរព្យាយាមទទួលទានត្រសក់ជាប្រចាំ។
៩. ឆៃថាវ
បន្លែមើមនេះមានផ្ទុកនូវជាតិផូស្វ័រ, វីតាមីន C, ស័ង្កសី និងវីតាមីន B ដែលល្អចាំបាច់សម្រាប់សុខភាពស្បែកប្រសើររឹងមាំ។ ជាតិទឹកដែលឆៃថាវមានផ្ទុក ក៏ជួយក្នុងការរក្សាបាននូវកម្រិតជាតិសំណើមក្នុងស្បែកផងដែរ។ ចំណែកសារធាតុសម្លាប់មេរោគបាក់តេរីនៃឆៃថាវ គឺជួយទប់ស្កាត់បញ្ហាស្បែកមួយចំនួនដូចជា រោលកន្ទួលក្រហម និងស្បែកស្ងួតប្រេះ។
១០. គ្រាប់ជី
គ្រាប់ជីក៏អាចផ្ដល់សំណើមដល់ស្បែកផងដែរតាមរយៈជាតិសសៃ អាស៊ីតខ្លាញ់អូមេហ្កា ៣ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក៕