ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបការពារអ្នកមិនឲ្យផ្តាសាយ។ តើមានវិធីបែបណាទៅ?
1. អ្នកគួរតែញ៉ាំទឹកដោះគោជូរឲ្យបានច្រើន ព្រោះទឹកដោះគោជូរនេះ មានសារធាតុដែលអាចជួយកំចាត់មេរោគក្នុងពោះវៀនអ្នក ដោយធ្វើឲ្យអ្នកមិនងាយកើតមានជំងឺផ្តាសាយយ៉ាងងាយឡើយ។
2. អ្នកគួរតែកាត់បន្ថយជិះជណ្តើរយន្តតាមទីសាធារណៈ ព្រោះមេរោគផ្តាសាយអាចឆ្លងចូលរាងកាយអ្នកតាមរយៈបង្កាន់ដៃជណើ្តរយន្ត និងកន្លែងចុចបាន។ ដូចនេះ ប្រសិនជាអ្នកត្រូវតែជិះជណ្តើរយន្ត អ្នកគួរតែលាងដៃនឹងសាប៊ូឲ្យស្អាត ក្រោយពេលដែលជិះរួច។
3. ក្រចកដៃរបស់អ្នកគួរតែកាត់ឲ្យខ្លី ដោយមិនគួរទុកវែងនោះទេ ព្រោះនៅពេលដែលទុកវែង នោះមេរោគនឹងអាចឆ្លងតាមរយៈក្រចកដៃ ដោយធ្វើឲ្យអ្នកអាចផ្តាសាយយ៉ាងងាយជាទីបំផុត។
4. អ្នកគួរតែព្យាយាមហាត់ប្រាណ ដោយប្រើចលនាដើរលឿនក្នុងរយៈពេល៣០នាទី ដោយក្នុងមួយអាទិត្យធ្វើចំនួន៥ដង ព្រោះការហាត់ប្រាណបែបនេះ នឹងអាចធ្វើប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយផ្តាសាយនោះទេ។
5. ក្នុងមួយថ្ងៃ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ព្រោះនៅពេលដែលអ្នកគេងគ្រប់ នោះប្រព័ន្ធការពាររាងកាយអ្នកនឹងរឹងមាំ ដោយធ្វើឲ្យមេរោគផ្តាសាយមិនអាចចូលមកក្នុងរាងកាយអ្នកទេ។ ប៉ុន្តែបើអ្នកគេងមិនគ្រប់ នោះរាងកាយអ្នកនឹងងាយកើតមានជំងឺណាស់។
6. អ្នកគួរតែចាកឲ្យឆ្ងាយពីអាហារបំពងទាំងឡាយ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកឆាប់ផ្តាសាយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបសារធាតុដែលមានក្នុងនោះ អាចជួយការពាររាងកាយអ្នកមិនឲ្យឆាប់ប្រឈមមុខនឹងជំងឺផ្តាសាយនោះទេ៕