ខ្ញី គឺត្រូវបានគេស្គាល់ថាជាឪសថបែបធម្មជាតិដ៏ល្អបំផុតមួយ ដោយសារតែអត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព និងការដែលអាចយកទៅប្រើប្រាស់បានច្រើនយ៉ាងរបស់វា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខ្ញីមិនត្រឹមតែអាចយកទៅធ្វើអាហារប៉ុណ្ណោះទេ ប៉ុន្តែគេអាចយកវាទៅប្រើប្រាស់ប្រឆាំង ក៏ដូចជាព្យាបាលទប់ស្កាត់ជំងឺផ្សេងៗបានទៀតផង។ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីបន្លែមើមនេះទ្វេដង ប្រសិនបើព្យាយាមទទួលទានរាល់ថ្ងៃ ជាពិសេសរួមជាមួយអាហារពេលព្រឹក។ ការធ្វើទឹកខ្ញី គឺគ្មានអ្វីពិបាកឡើយ។ គ្រាន់តែយកខ្ញីទៅលាងឲ្យស្អាត ហើយកោសសំបកចេញ រួចកាត់ជាដុំៗ។ បន្ទាប់មកយកដុំខ្ញីទៅកិនលាយជាមួយទឹកធម្មតាមួយចំនួន និងត្រង ឬស្រងយកកាកចេញបន្ទាប់ពីកិនបានទឹកជាការស្រេច។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលទឹកខ្ញីក្នុងរបបអាហារពេលព្រឹក ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
២. សម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចបំផុតក្នុងរាងកាយ
ការទទួលទានទឹកខ្ញីស្រស់ គឺមានប្រសិទ្ធិភាពជួយសម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចៗនៃរាងកាយ រួមបញ្ចូលទាំងរន្ធឆ្អឹង ឬប្រហោងឆ្អឹង (ស៊ីនុស) ដែលអាចបង្កជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយនាពេលរដូវត្រជាក់។ ប្រសិនបើអ្នកមានអារម្មណ៍ហាក់ដូចជាចង់ផ្ដាសាយ ចូរទទួលទានទឹកខ្ញី ដើម្បីទប់ស្កាត់ជាមុនមិនឲ្យធ្លាក់ខ្លួនឈឺ។
៣. កាត់បន្ថយសម្ពាធឈាម
វិធីមួយទៀតដើម្បីប្រើប្រាស់ទឹកខ្ញី គឺនៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ អ្នកអាចទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមកើនឡើងខ្ពស់ ប៉ុន្តែកុំភ្លេចបន្ថែមទឹកឃ្មុំមួយចំនួនចូលផង ដើម្បីបង្កើនឱជារសស្រួលទទួលទាន។
៤. បង្កើនសុខភាពបេះដូង
ការទទួលទានទឹកខ្ញីអាចជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតរបស់បេះដូង។ កម្រិតនៃកូឡេស្តេរ៉ូលទាបនឹងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺដាច់សសៃឈាមខួរក្បាល ជាពិសេសនោះ គឺជំងឺបេះដូង។
៥. ទប់ស្កាត់ជាតិហ្គាសលើសកម្រិតក្នុងរាងកាយ
ទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះកើនជាតិហ្គាសក្នុងពោះ ដោយសារការពិបាករំលាយអាហារ ដើម្បីជម្រុញទឹកក្រពះឲ្យរំលាយអាហារបានល្អ។ ការទទួលទានទឹកខ្ញីខណៈពេលនេះក៏ជួយបំបាត់អាការៈហើមពោះផងដែរ។
៦. ជួយអោយស្រកទម្ងន់ឆាប់រហ័ស
ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារ និងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។ ការទទួលទានខ្ញី ឬទឹកខ្ញីនៅពេលព្រឹកជួយកាត់បន្ថយចំណង់អាហារគួរឱ្យកត់សម្គាល់។
៧. កាត់បន្ថយការឈឺចាប់
ការទទួលទានទឹកខ្ញីអាចជួយកាត់បន្ថយអាការៈឈឺធ្មេញ ឈឺសន្លាក់ និងសូម្បីតែឈឺក្បាលប្រកាំង។ នេះ គឺព្រោះតែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយទប់ស្កាត់ការរលាកដែលរារាំងសសៃឈាមមិនឲ្យហូរបានត្រឹមត្រូវ។ ការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ។
៨. បំបាត់អាការៈចង្អោរចង់ក្អួត
ប្រសិនបើអ្នកមានអារម្មណ៍ចង្អោរចង់ក្អួត ចូរសាកល្បងទទួលទានទឹកខ្ញីលាយជាមួយទឹកឃ្មុំ៕