Join with Health.com.kh on Telegram

បេះដូងដើរញាប់ ឬអាការៈញ័រទ្រូង គឺជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភមួយដែលអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមូលហេតុទូទៅបំផុតអ្វីខ្លះដែលនាំឱ្យមានបញ្ហាបេះដូងលោតញាប់ខុសប្រក្រតី? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទាំងនោះ ៖

១. ការធ្វើលំហាត់ប្រាណ

ពិតណាស់បេះដូងរបស់អ្នកនឹងលោតលឿនកំឡុងពេល ក៏ដូចជាក្រោយពេលហាត់ប្រាណរួចភ្លាម។ ក្នុងករណីនេះកុំបារម្ភ! ក៏ព្រោះចង្វាក់បេះដូងរបស់អ្នកនឹងត្រឡប់ដូចប្រក្រតីវិញក្រោយបានសម្រាក។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណទៀងទាត់ គឺល្អសម្រាប់សុខភាពបេះដូងនិងរាងកាយទាំងមូល។

២. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

អ្នកអាចនឹងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់នៅរាល់ពេលមានអារម្មណ៍តានតឹង ឬស្ត្រេស។ នោះក៏ព្រោះតែលំហូរឈាមរបស់អ្នកពោរពេញទៅដោយអ័រម៉ូនស្ត្រេសដូចជា cortisol និង adrenaline ដែលរំញោចប្រព័ន្ធសសៃប្រសាទ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។ វេជ្ជបណ្ឌិតជាច្រើននិយាយថាស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព។

៣. កង្វះជាតិទឹកក្នុងរាងកាយ

ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែល ២ លីត្រក្នុងមួយថ្ងៃទេនោះកុំឆ្ងល់ថាតើហេតុអ្វីបានជាបេះដូងហាក់ដូចជាលោតញាប់ជាងធម្មតា។ កង្វះជាតិទឹកក្នុងរាងកាយធ្វើឱ្យឈាមឡើងខាប់ ហើយបរិមាណឈាមថយចុះ ហើយបេះដូងនឹងខំលោតញាប់ខ្លាំងជាងមុនដើម្បីព្យាយាមផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សរីរាង្គទាំងអស់។

៤. ទទួលទានកាហ្វេច្រើនពេក

ការទទួលទានកាហ្វេខ្លាំង ឬច្រើនពេកអាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឱ្យបេះដូងលោតញាប់។

៥. ទទួលទានគ្រឿងស្រវឹងច្រើន

ក៏មិនខុសពីកាហ្វេដែរ គ្រឿងស្រវឹងមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលធ្វើឱ្យរាងកាយខ្សោះជាតិទឹកឆាប់រហ័ស។ លើសពីនេះទៅទៀតបេះដូងនឹងលោតញាប់ក្រោយទទួលទានគ្រឿងស្រវឹងច្រើន ក៏ព្រោះវាព្យាយាមកម្ចាត់ជាតិពុលក្នុងរាងកាយ។

៦. ជក់បារី

នីកូទីនក្នុងបារី គឺជាសារធាតុគីមីដែលមានលក្ខណៈសម្បត្តិរំញោចនាំឱ្យចង្វាក់បេះដូងលោតញាប់ជាងធម្មតា៕