ឪពុកម្ដាយភាគច្រើនតែងមានការព្រួយបារម្ភ និងស្លន់ស្លោជានិច្ចនៅពេលកូនៗរបស់ពួកគេជួបប្រទះអាការៈក្ដៅខ្លួន។ ជាធម្មតាអាការៈក្ដៅខ្លួនរបស់ក្មេង គឺកើតឡើងនៅពេលរាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសណាមួយដែលមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែប្រសិនបើកម្ដៅរបស់ក្មេងឡើងលើសពី ៣៧.៥ អង្សារ ឪពុកម្ដាយត្រូវប្រញាប់រកមធ្យោបាយបញ្ចុះកម្ដៅកូនភ្លាមដែលអាចជាការជូតខ្លួន ឬប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅក្នុងកម្រិតសមរម្យ។ ទោះជាយ៉ាងណា ការប្រើប្រាស់ថ្នាំពេទ្យច្រើនអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគបាក់តេរីរបស់ក្មេងចុះខ្សោយគួរឱ្យព្រួយបារម្ភ។ ដូច្នេះគួរធ្វើយ៉ាងណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលអាការៈគ្រុនក្ដៅរបស់ក្មេងដោយមិនបង្កផលប៉ះពាល់ណាមួយគួរឱ្យបារម្ភ ៖

១. ស្អំជើងជាមួយទឹកត្រជាក់

ក្រៅពីជ្រលក់កន្សែងស្អាតមួយក្នុងទឹកត្រជាក់ រួចពូតទឹកចេញខ្លះមុនដាក់ស្អំលើថ្ងាស និងក្រោមក្លៀកហើយនោះក៏កុំភ្លេចស្អំលើជើងក្មេងផងដើម្បីអាចបន្ថយកម្ដៅបានឆាប់រហ័ស។ ចូរឧស្សាហ៍ធ្វើការផ្លាស់ប្ដូរកន្សែងត្រជាក់។ ត្រូវប្រាកដផងដែរថាសីតុណ្ហភាពក្នុងបន្ទប់ គឺមិនខ្ពស់ ឬទាបពេក។

២. ទទួលទានទឹក

ដើម្បីកាត់បន្ថយកម្ដៅបានឆាប់រហ័ស ចូរព្យាយាមលួងក្មេងឱ្យទទួលទានទឹកច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា សូម្បីតែពី ១ ទៅ ២ ស្លាបព្រាកាហ្វេក៏អាចជួយសម្រាលអាការៈក្ដៅខ្លួនរបស់ក្មេងបានដែរ។

៣. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកខ្មេះផ្លែប៉ោមកន្លះពែងក្នុងទឹកក្ដៅឧណ្ហៗចំនួនសមល្មម រួចឱ្យក្មេងត្រាំក្នុងទឹកល្បាយនេះសម្រាប់រយៈពេលមិនលើសពី ៥ ទៅ ១០ នាទីជាការស្រេច។ អ្នកអាចអនុវត្តរូបមន្តនេះសារឡើងវិញ ប្រសិនបើក្មេងនៅតែក្ដៅខ្លួន។

៤. ដោះសម្លៀកបំពាក់ចេញខ្លះ

ការដោះសម្លៀកបំពាក់ក្មេងចេញខ្លះ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយបំបាត់អាការៈក្ដៅខ្លួនរបស់ក្មេងបានឆាប់រហ័ស ជាពិសេសប្រសិនបើអ្នកព្យាយាមជូតខ្លួននិងជើងក្មេងជាមួយទឹកក្ដៅឧណ្ហៗដែរ។

៥. ខ្ញី

តែខ្ញីជួយបន្ថយកម្ដៅ ការឈឺចាប់ និងក្អកបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្ញីឱ្យកូនទទួលទាន។ ចូរលាយខ្ញីម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកក្ដៅដាំពុះ ១ ពែង រួចបន្ថែមទឹកឃ្មុំបន្តិចចូលឱ្យមានរសជាតិផ្អែមស្រួលលេប។ ហើយទុកឱ្យក្ដៅឧណ្ហៗសិន សឹមឱ្យក្មេងទទួលទាន។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរប្រសិនបើកូននៅវ័យក្មេងពេក ចូរពិភាក្សាជាមួយគ្រូពេទ្យសិនដើម្បីចៀសវាងបញ្ហាប្រតិកម្ម។ ត្រូវចាំផងដែរថាក្មេងក្រោមវ័យ ១២​ខែ​មិនគួរទទួលទានទឹកឃ្មុំឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង