រូពេទ្យបានព្រមានថាប្រជាជនកម្ពុជាគួរតែឈប់មានជំនឿកប់ដីខ្សាច់នៅពេលដែលមានដៃឬជើងរងការឆក់ខ្សែភ្លើង ពីព្រោះវាអាចនឹងធ្វើអោយយឺតពេលនៅក្នុងការព្យាបាលហើយវាអាចឈាន ដល់ការកាត់ ដៃឬជើងដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ។
វេជ្ជបណ្ឌិត ម៉េង សុខសៀន អនុប្រធានផ្នែក រលាក និងសម្ផស្សសល្យសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈបាននិយាយថាប្រជាជនខ្មែរយើង មួយ ចំនួនមានជំនឿថាក្រោយខ្សែភ្លើងឆក់ បើសិនជាគាត់យកដៃឬជើងដែលឆក់នោះទៅកប់ នៅក្នុងដី ខ្សាច់គឺវាអាចនឹងដកចេញជាតិពិសហើយធ្វើអោយជាសះស្បើយឡើងវិញបាន។ លោកនិយាយថានេះ ជាជំនឿដ៏ខុសឆ្គងមួយហើយវាបានបង្កអោយមនុស្សមួយចំនួនត្រូវបានកាត់ដៃឬជើងដោយសារតែមកពេទ្យយឺតដោយសារបញ្ហានេះ។
លោកបានពន្យល់ថាខ្លួនលោកផ្ទាល់បានជួបអ្នកជំងឺដែលមានជំនឿនេះជាច្រើននាក់ហើយដោយសារតែគាត់ជឿទៅលើជំនឿនេះ គាត់មិនបានមកពេទ្យភ្លាមទេពេលក្រោយឆក់ខ្សែភ្លើង។ គាត់បែជាកប់ដៃឬជើង នោះនៅក្នុងដីខ្សាច់ដោយសង្ឃឹមថានឹងជាឡើងវិញ។ ប៉ុន្តែការធ្វើដូច្នេះនឹងធ្វើអោយស្ថាន ភាពកាន់តែធ្ងន់ ទៅវិញដោយសារតែអ្វីដែលគេហៅថា compartment Syndrome ដែលអាចធ្វើអោយប៉ះពាល់ ការ ផ្គត់ផ្គង់ឈាមចិញ្ចឹមសាច់ដុំនៅផ្នែកខាងចុងដៃឬជើងហើយធ្វើអោយមានការស្អុយរលួយដែលទាមទារអោយមានកាត់ចោលសាច់នោះ។
លោកបានពន្យល់ថាដូច្នេះវាពិតជាមានការសោកស្តាយណាស់សម្រាប់រឿងនេះ។ យើងមិនចង់ធ្វើការកាត់ ដៃឬជើងគាត់ទេ។ប៉ុន្តែដើម្បីសង្គ្រោះជីវិត យើងមានតែមធ្យោបាយនេះប៉ុណ្ណោះបើស្ថានភាពធ្ងន់ធ្ងរពេក៕