បើនិយាយចំពោះគ្រួសារមួយ ការចាប់កំណើតរបស់កូនគឺជាការចាប់ផ្តើមដ៏ថ្មីមួយ ហើយការមើលថែទាំកូនក៏ជាមេរៀនដ៏ធំមួយដែរ តាមការស្រាវជ្រាវបានឱ្យដឹងថា កូនក្មេងដែលមានអាយុចាប់ពី២អាទិត្យរហូតដល់មួយឆ្នាំ ងាយស្លាប់ដោយមិនដឹងមូលហេតុណាស់ ដូចនេះអ្នកគួរតែប្រយ័ត្នពីចំនុចមួយចំនួនក្នុងការមើលថែដើម្បីចៀសវាងកុំឱ្យកូនមានរឿង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គេងផ្ងារ
អ្នកមិនត្រូវព្រោះតែចង់ឱ្យក្បាលកូនស្អាត រួចឱ្យកូនគេងផ្កាប់មុខចុះក្រោមឡើយ ព្រោះវាអាចធ្វើឱ្យកូនមិនអាចដកដង្ហើមបានដោយសារតែមុខរបស់កូនជិតខ្នើយពេក ដូចនេះវាងាយនឹងផ្កាប់មុខចុះទៅខ្នើយណាស់ ជាហេតុដែលអាចធ្វើឱ្យកូនមានគ្រោះថ្នាក់បំផុត ដូចនេះអ្នកគួរតែឱ្យកូនគេងផ្ងារទើបល្អ។
គេងបន្ទប់តែមួយ តែមិនគេងលើគ្រែតែមួយ
អ្នកអាចឱ្យកូនគេងជាមួយអ្នក ប៉ុន្តែមិនត្រូវឱ្យកូនគេងលើគ្រែជាមួយអ្នកឡើយ ព្រោះនៅពេលដែលអ្នកគេងលក់ស្រួល អ្នកអាចធាក់ភួយមកគ្របលើមុខកូន ឬយកដៃអ្នកសង្កត់លើកូន ម្យ៉ាងទៀតនៅពេលដែលកូនចេះវៀរ បើអ្នកឱ្យគេគេងលើគ្រែជាមួយអ្នក នោះគេអាចធ្លាក់ពីលើគ្រែបាន ដូចនេះអ្នកគួរតែឱ្យគេគេងក្នុងគ្រែរបស់គេទើបល្អ ហើយមានសុវត្ថិភាព។
បៅទឹកដោះគោរួច គោះខ្នងកូន
នៅពេលដែលអ្នកឱ្យកូនបៅទឹកដោះគោរួច អ្នកត្រូវតែគោះខ្នងកូនថ្នមៗចំនួនពី៥ទៅ១០នាទីដើម្បីឱ្យកូនអាចបញ្ចេញខ្យល់ចេញមកក្រៅ នោះនៅពេលដែលអ្នកលឺសម្លេងកូនត្អើក អ្នកអាចឈប់គោះបាន ប្រសិនជាអ្នកគោះយូរហើយគេមិនត្អើក អ្នកអាចពរកូនដើរពី១០ទៅ១៥នាទី ទើបដាក់គេគេងលើគ្រែ។
គ្រែរបស់កូន
នៅពេលដែលអ្នកទិញគ្រែឱ្យកូន អ្នកមិនត្រូវទិញគ្រែដែលមានពូកទន់ ខ្នើយទន់ ហើយនៅក្នុងគ្រែមិនត្រូវដាក់តុកតា និងសំភារៈផ្សេងៗឡើយ ជាងនេះទៅទៀតអ្នកមិនត្រូវដាក់ឱ្យកូនគេងលើខ្នើយដែលខ្ពស់នោះទេ ព្រោះវាអាចធ្វើឱ្យកូនពិបាកដកដង្ហើម ម្យ៉ាងទៀតពេលគេង អ្នកមិនត្រូវឱ្យគេពាក់អាវច្រើនជាន់ឡើយ ព្រោះសកម្មភាពទាំងអស់នេះសុទ្ធតែងាយធ្វើឱ្យកូនមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយបន្ទប់ដែលហប់ ក្តៅ និងគ្មានខ្យល់ចេញចូលក៏មិនត្រូវឱ្យកូនគេងដែរ។
មិនត្រូវឱ្យកូនពាក់គ្រឿងអលង្ការនៅក
អ្នកមិនត្រូវឱ្យកូនពាក់របស់នៅលើកនោះទេ ព្រោះវាអាចធ្វើឱ្យកូនមានគ្រោះថ្នាក់ដែលអ្នកនឹកស្មានមិនដល់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)