តម្រងនោមមនុស្សយើងមាននាទីច្រោះជាតិពុល និងជាតិទឹកដែលលើសចេញពីក្នុងឈាម ដើម្បីបង្កើតជាទឹកនោម និងបញ្ចេញចោលក្រៅរាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលតម្រងនោមឈប់ធ្វើការ ហើយមិនអាចធ្វើការងារខាងលើបាន មានន័យថា ជាការខ្សោយតម្រងនោមហើយ។ ដោយសារតែជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមគឺជាមូលហេតុញឹកញាប់បំផុតនៃការខ្សោយតម្រងនោម ដូច្នេះខ្ញុំសូមណែនាំអំពីគន្លឹះបង្ការការខ្សោយតម្រងនោមដូចខាងក្រោមនេះ៖
១. គ្រប់គ្រងជាតិស្ករក្នុងឈាម
ជំងឺទឹកនោមផ្អែមធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺបេះដូង និងខ្សោយតម្រងនោម។ ហេតុដូច្នេះហើយត្រូវតែគ្រប់គ្រងជាតិស្ករឲ្យបានល្អជានិច្ចនៅពេលមានជំងឺទឹកនោមផ្អែម។
២. គ្រប់គ្រងសម្ពាធឈាម
ការលើសសម្ពាធឈាមអាចប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង ព្រមទាំងការខ្សោយតម្រងនោម។
៣. រក្សាទម្ងន់ឲ្យមានសុខភាពល្អ
ការធាត់ជ្រុលអាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺជាច្រើនដែលទាក់ទងនឹងការខ្សោយតម្រងនោមដូចជា ជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមតែម្តង។
៤. ញ៉ាំអាហារដែលផ្តល់សុខភាពដល់បេះដូង
របបអាហារដែលផ្តល់សុខភាពដល់បេហដូងគឺមានជាតិស្ករ និងខ្លាញ់ទាប តែសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើតែម្តង។
៥. បន្ថយការញ៉ាំប្រៃ
ការញ៉ាំប្រៃពេកជាប់ទាក់ទងនឹងការលើសសម្ពាធឈាម។
៦. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ការខ្សោះជាតិទឹកនឹងទៅបន្ថយលំហូរឈាមទៅតម្រងនោម ដែលជាហេតុនាំឲ្យវាមានការខូចខាតបាន ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យផងថា តើអ្នកគួរតែញ៉ាំទឹកច្រើនប៉ុណ្ណាក្នុងមួយថ្ងៃ។
៧. កាត់បន្ថយគ្រឿងស្រវឹង
គ្រឿងស្រវឹងនឹងបង្កើនសម្ពាធឈាមបាន។ កាឡូរីដែលលើសដោយសារគ្រឿងស្រវឹងអាចធ្វើឲ្យឡើងទម្ងន់ទៀតផង។
៨. កុំជក់បារី
ការជក់បារីនឹងទៅបន្ថយលំហូរឈាមទៅតម្រងនោម។ វាអាចបំផ្លាញមុខងារតម្រងនោមលើអ្នកដែលមាន ឬគ្មានជំងឺតម្រងនោមបាន។
៩. កាត់បន្ថយការញ៉ាំថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
ការប្រើថ្នាំប្រភេទ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដូចជា Ibuprofen និង Naproxen កម្រិតខ្ពស់ អាចបន្ថយលំហូរឈាមទៅតម្រងនោម ជាលក្ខណៈគ្រោះថ្នាក់បាន។
១០. បន្ថយស្រ្តេស
ការបន្ថយស្រ្តេស និងការថប់អារម្មណ៍អាចបញ្ចុះសម្ពាធឈាម និងផ្តល់ផលល្អដល់តម្រងនោមបាន។
១១. ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណដូចជា ការហែលទឹក ដើរ និងរត់ អាចបន្ថយភាពស្រ្តេស គ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ព្រមទាំងរក្សាទម្ងន់ឲ្យមានសុខភាពល្អទៀត។
បើសិនជាអ្នកគិតថា អ្នកអាចមានជំងឺតម្រងនោម យកល្អគួរតែឲ្យគ្រូពេទ្យពិនិត្យដើម្បីវាយតម្លៃសិន។ ការកំណត់រោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលាអាចបន្ថយការវិវត្តន៍ទៅរកការខ្សោយតម្រងនោមបាន។ បើសិនជាដឹងថាអ្នកពិតជាមានជំងឺតម្រងនោមមែន ការជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីតាមដានមុខងារតម្រងនោមគឺជារឿងដែលត្រូវធ្វើជាទៀងទាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែលជំងឺតម្រងនោមរ៉ាំរ៉ៃមិនអាចជាមកវិញ តែការវិវត្តន៍ទៅមុខទៀតរបស់វាអាចបន្ថយកុំឲ្យទៅលឿនបាននៅពេលមានការព្យាបាលដែលត្រឹមត្រូវ៕