ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមទៅចិញ្ចឹមសាច់បេះដូងត្រូវបានស្ទះ។ ដោយការស្ទះនេះច្រើនតែកើតឡើងដោយសារការកើនឡើងច្រើននៃកូឡេស្តេរ៉ុល ខ្លាញ់ និងសារធាតុផ្សេងៗដែលបង្កជាកំណកក្នុងសរសៃឈាមអាក់ទែសម្រាប់ចិញ្ចឹមសាច់ដុំបេះដូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះកាលណាមានការស្ទះសរសៃឈាមនេះ វានឹងបណ្តាលឲ្យខូចខាតសាច់ដុំបេះដូងជាមិនខាន។ ម្លេះហើយ តើមនុស្សម្នាក់នឹងមានកត្តាប្រឈមមុខអ្វីខ្លះទៅដែលជំរុញឲ្យពួកគេកើតជំងឺគាំងបេះដូង?
អាយុ
បុរសដែលមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ និងស្រ្តី ៥៥ឆ្នាំឡើងទៅទំនងជាប្រឈមខ្លាំងនឹងជំងឺគាំងបេះដូងជាមនុស្សវ័យក្មេងជាងនេះ។ មានជាង ៨៣ភាគរយហើយដែលស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងនៅអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
ជំងឺទឹកនោមផ្អែម
ការដែលមានជំងឺទឹកនោមផ្អែម ឬមិនមានផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ប្រហែលជាធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ដូច្នេះបើសិនជាមិនមានការព្យាបាល ឬគ្រប់គ្រងនោះទេ នឹងប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូង។
ប្រវត្តគ្រួសារ
បើសិនជាគ្រួសារ បងប្អូន ឪពុកម្តាយ និងជីដូនជីតាមានជំងឺគាំងបេះដូងនៅអាយុ ៥៥ឆ្នាំ (ប្រុស) និង ៦៥ឆ្នាំ (ស្រ្តី) អ្នកប្រហែលជាប្រឈមមុខខ្ពស់ដែរហើយ។
មានភាពតានតឹងក្នុងអារម្មណ៍
ការដែលមិនអាចគ្រប់គ្រងកំហឹង និងស្រ្តេសបានល្អ ពិតជាអាចនាំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងបាន។ ដូច្នេះចូរសិក្សាអំពីវិធីគ្រប់គ្រងស្រ្តេសតាមរយៈការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព ប្រើវិធីបន្ធូរអារម្មណ៍ និងបង្កើតជាគោលដៅពិតប្រាកដ។ ជាមួយគ្នានេះដែរ ការម៉ាស្សា និងហាត់ក្បាច់យូហ្គាត្រូវបានគេរកឃើញថាអាចបន្ថយស្រ្តេសបានយ៉ាងមានប្រសិទ្ធភាព។
លើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមគឺជាកត្តាប្រឈមនឹងជំងឺបេះដូងយ៉ាងញឹកញាប់បំផុត។ បេះដូងដ៏មានសុខភាពល្អត្រូវមានសម្ពាធឈាមតិចជាង ១២០/៨០។ យ៉ាងណាមិញ កាលណាសម្ពាធឈាមឡើងខ្ពស់ វានឹងធ្វើឲ្យខូចដល់សរសៃឈាមអាក់ទែបាន។ កត្តាដែលនាំឲ្យសម្ពាធឈាមឡើងខ្ពស់មានដូចជា ជក់បារី ធាត់ជ្រល លើសកូឡេស្តេរ៉ុល ឬជំងឺទឹកនោមផ្អែម។
លើសជាតិកូឡេស្តេរ៉ុល
ការប្រឈមនឹងជំងឺគាំងបេះដូងនឹងកើនឡើងបើសិនជានៅពេលដែលកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមឡើងខ្ពស់។
របបអាហារមានជាតិខ្លាញ់ខ្ពស់
របបអាហារដែលមានជាតិខ្លាញ់ Saturated Fat ខ្ពស់ប្រហែលជាបង្កើនការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលកាន់តែខ្លាំង។
រស់នៅបែបអសកម្ម
របៀបរស់នៅបែបស៊ីដេកៗអាចប្រឈមខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងរហូតដល់ ៥០ភាគរយ។ ដើម្បីកាត់បន្ថយការប្រឈមមុខ ចូរបង្កើនសកម្មភាពរាងកាយ តាមរយៈការហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍។ អ្នកក៏អាចធ្វើបែបនេះក្នុងរយៈពេលយ៉ាងហោចណាស់ ៣ថ្ងៃក្នុងមួយសប្តាហ៍ក៏បានដែរ។
ធាត់ជ្រុល
មនុស្សម្នាក់ដែលមានជាតិខ្លាញ់ក្នុងរាងកាយច្រើនជាពិសេសនៅតំបន់ចង្កេះ សុទ្ធតែប្រឈមខ្លាំងនឹងការដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ទោះបីជាពួកគេមិនមានកត្តាប្រឈមមុខផ្សេងៗទៀតក៏ដោយ។ ការជាត់ជ្រុលអាចដាក់សម្ពាធទៅលើបេះដុង និងធ្វើឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតទៅលើកត្តាប្រឈមមុខផ្សេងៗ។
ជក់បារី
ការជក់បារីគឺជាកត្តាប្រឈមមុខនឹងជំងឺបេះដូងដែលអាចការពារបានបំផុត។ ការប្រឈមនឹងជំងឺគាំងបេះដូងរបស់មនុស្សម្នាក់ៗអាចនឹងកើនឡើងនៅពេលជក់បារី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះការផ្តាច់បារីអាចកាត់បន្ថយការប្រឈមមុខនេះបានយ៉ាងល្អ ដោយមិនខ្វល់ថាអ្នកជក់បារីយូរប៉ុណ្ណាឡើយ៕