អ្វីដែលអ្នកគួរធ្វើប្រសិនបើមានស្នាមជាំខៀវលេចឡើងលើស្បែកដោយគ្មានមូលហេតុ? ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តើវាអាចកើតឡើងបានយ៉ាងដូចម្ដេចហើយគួរបារម្ភឬទេ? ស្នាមជាំខៀវលើស្បែកបណ្ដាលមកពីសសៃឈាមឆ្មារៗស្ដើងពេក។ ហេតុអ្វីទើបដូច្នេះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុទូទៅបំផុតមួយចំនួននៃបញ្ហាឡើងជាំខៀវលើស្បែកញឹកញាប់ ៖
១. ការហ្វឹកហាត់លើកទម្ងន់ ឬការលើករបស់របរធ្ងន់ៗ
ការលើកទម្ងន់ជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាឡើងជាំខៀវលើស្បែក។ នេះមានន័យថាសសៃ
ឈាមរបស់អ្នកគឺខ្សោយរួចទៅហើយ ខណៈដែលសកម្មភាពរាងកាយប៉ះត្រូវវានឹងបង្កជាស្នាំជាំខៀវ។ទោះជាយ៉ាងណាសកម្មភាពរាងកាយច្រើនពេក ឬខ្លាំងក្លាពេកក៏អាចបណ្ដាលអោយខូចខាតដល់សសៃ
ឈាមឆ្មារៗដែលមានសុខភាពល្អគួរអោយកត់សម្គាល់។ ឧទាហរណ៍ការលើកទម្ងន់ ឬរបស់របរធ្ងន់ៗដែលអ្នកមិនធ្លាប់ធ្វើសោះអាចបង្កគ្រោះថ្នាក់មែនទែន។ សូម្បីតែក្មេងៗក៏អាចជួបប្រទះស្នាមជាំខៀវលើស្បែកដោយសារការស្ពាយកាតាបធ្ងន់ៗផងដែរ។ ស្នាមជាំខៀវប្រភេទនេះមិនគ្រោះថ្នាក់ខ្លាំងទេ ប៉ុន្តែ
វាជាសញ្ញាបង្ហាញអោយដឹងថាអ្នកលើកធ្ងន់ហួស។
២. ការទទួលទានថ្នាំមួយចំនួន
ថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងការរលាកក្នុងរាងកាយ ថ្នាំគ្រាប់ជាតិដែក ឬថ្នាំហឺតអាចជះឥទ្ធិពលដល់ឈាមដែលបណ្ដាលអោយកើតមានស្នាមជាំខៀវលើស្បែក។ ហើយថ្នាំមួយប្រភេទទៀតដែលធ្វើអោយឈាមកាន់តែរាវនិងអាចបណ្ដាលអោយស្បែកឡើងជាំខៀវនោះ គឺអាស្ពីរីន។ ប្រសិនបើអ្នកសម្គាល់ឃើញទំនាក់ទំនងរវាងការទទួលទានថ្នាំជាមួយបញ្ហាមិនប្រក្រតីលើស្បែក ចូរកុំស្ទាក់ស្ទើនឹងជួបពិនិត្យជាមួយគ្រូពេទ្យ។
៣. ជំងឺពាក់ព័ន្ធនឹងឈាម
ជាញឹកញយជំងឺពាក់ព័ន្ធនឹងឈាម ក៏ដូចជាសសៃឈាម គឺអាចបណ្ដាលអោយមានស្នាមជាំខៀវលើស្បែក។ កុំពន្យារពេលនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យ ជាពិសេសប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញា ឬអាការៈគួរអោយព្រួយបារម្ភដទៃទៀតដូចជាឈឺចាប់និងហើមជើង ឈាមអញ្ចាញ ឬហូរឈាមច្រមុះអមមកជាមួយ។
៤. កង្វះសារធាតុចិញ្ចឹម
ពេលខ្លះស្នាមជាំខៀវលើស្បែកក៏អាចបណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមក្នុងរាងកាយផងដែរ។ឧទាហរណ៍វីតាមីន B12 រួចចំណែកក្នុងការផលិតឈាម ខណៈដែលវីតាមីន K ទទួលខុសត្រូវលើការកកឈាម ហើយវីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាលិកាថ្មី។ ប្រសិនបើគ្មានវាទេ សសៃឈាមនឹងប្រែជាផុយស្រួយហួស។ តុល្យភាពនៃជាតិដែកក៏សំខាន់សម្រាប់រាងកាយផងដែរ
ប្រសិនបើខ្វះ ឬមានច្រើនពេកសសៃឈាមឆ្មារៗនឹងខូចខាត។ ទោះជាយ៉ាងណាកុំប្រញាប់ទៅទិញវីតាមីនណាមួយមកលេប! ត្រូវពិនិត្យថារាងកាយខ្វះវីតាមីនអ្វីជាមុនសិន ហើយកុំភ្លេចផ្លាស់ប្ដូររបបអាហារដោយរួមបញ្ចូលនូវអាហារមានផ្ទុកសម្បូរទៅដោយវីតាមីនដែលរាងកាយត្រូវការ។
៥. អតុល្យភាពអ័រម៉ូន
ស្នាមជាំខៀវក៏អាចលេចឡើងនៅពេលរាងកាយថយចុះទាបពេកនូវអ័រម៉ូន estrogen ផងដែរ។ស្ថានភាពនេះច្រើនកើតឡើងនៅពេលអ្នកអស់រដូវ ឬកំពុងទទួលទានថ្នាំគ្រាប់អ័រម៉ូន ឬមានផ្ទៃពោះ។
៦. ទឹកនោមផ្អែម
ភាគច្រើននៃពួកយើងច្រើនតែគិតទៅដល់ឈាមនិងជាតិស្ករនៅពេលនិយាយអំពីជំងឺទឹកនោមផ្អែម។ជំងឺនេះជះឥទ្ធិពលអវិជ្ជមានគួរអោយព្រួយបារម្ភលើដំណើរការនៃចរន្តឈាម ដូច្នេះវាងាយនឹងបណ្ដាលអោយលេចឡើងនូវស្នាមជាំខៀវលើស្បែកបំផុត។ ហើយស្នាមជាំលើស្បែកក៏អាចជារោគសញ្ញាដំបូងបំផុតមួយនៃជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងផងដែរ។ រោគសញ្ញាដទៃទៀតរួមមាន ឧស្សាហ៍ស្រេកទឹក របួសយូរជាសះស្បើយ ឆាប់ហត់អស់កម្លាំង មើលលែងសូវច្បាស់ព្រិលៗ ហើយមានស្នាមអ៊ុចពណ៌សៗលើស្បែក។
សម្គាល់៖ ថាតើស្នាមជាំខៀវលើស្បែកបែបណាទើបគ្រោះថ្នាក់?
ជាទូទៅភ្លាមៗក្រោយមានរបួសណាមួយ ស្នាមជាំអាចប្រែជាក្រហម។ នេះជាពណ៌នៃឈាមក្រោមស្បែក។ បន្តិចក្រោយមករាងកាយចាប់ផ្ដើមបំបែកឈាម ហើយស្នាមជាំនឹងប្រែជាខ្មៅ ខៀវ ឬពណ៌
ស្វាយ។ ក្នុងកំឡុងពេលពី ៥ ទៅ ១០ ថ្ងៃ កន្លែងរបួសគួរប្រែជាពណ៌លឿង ឬបៃតង។ ហើយនៅដំណាក់កាលចុងក្រោយ គឺរយៈពេលពី ១០ ទៅ ១៤ ថ្ងៃក្រោយរបួស ស្នាមជាំនឹងប្រែជាពណ៌ត្នោត ហើយស្រាលទៅៗ។
ប្រយ័ត្ន! ជាធម្មតាស្នាមជាំនឹងបាត់ទៅវិញក្នុងរយៈពេលមិនលើសពី ២ សប្តាហ៍ក្រោយរបួសឡើយ។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញពណ៌នៃស្បែកមានភាពប្រែប្រួលខុសពីបានរៀបរាប់ខាងលើ ឬប្រសិនស្នាមជាំមិនបាត់ទៅវិញក្នុងរយៈពេល ២ សប្តាហ៍ក្រោយកើតមានទេនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕