ការរលាកក្នុងរាងកាយអាចជារឿងល្អនិងអាក្រក់ផងដែរ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ការរលាកធម្មតា គឺជាប្រតិកម្មរបស់អ្នកប្រព័ន្ធភាពស៊ាំតបទៅនឹងរបួស ឬការឆ្លងមេរោគដែលជួយពន្លឿនការរព្យាបាល។ ប៉ុន្តែចំពោះការរលាករ៉ាំរ៉ៃវិញអាចនាំអោយមានជំងឺផ្សេងៗ និងកើនទម្ងន់។ ទោះជាយ៉ាងណាកុំបារម្ភ! អ្នកអាចជៀសផុតពីការរលាកក្នុងរាងកាយ ដោយគ្រាន់តែទទួលទានអាហារមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងការរលាក ៖

១. គ្រាប់អាល់ម៉ុន

ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ monounsaturated ព្រមទាំង polyunsaturated ដែលស្រដៀងទៅនឹងប្រេងអូលីវ ម៉ង់កាណែស និងវីតាមីន E មានឥទ្ធិពលប្រយុទ្ធប្រឆាំងការរលាក។ គ្រាប់អាល់ម៉ុន ក៏មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន និងម៉ាញ៉េស្យូមផងដែរ។ លើសពីនេះទៅទៀតការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានគ្រាប់ធញ្ញជាតិអាល់ម៉ុនត្រឹមមួយក្ដាប់ដៃក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងជួយអោយស្រកទម្ងន់បានយ៉ាងប្រសើរ។

២. ផ្លែប៉ោមក្រហម

ប៉ោមក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុ quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកគួរអោយកត់សម្គាល់។

៣. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ monounsaturated និងជាប្រភពដ៏ល្អបំផុតនៃជាតិសសៃវីតាមីន A វីតាមីន C វីតាមីន E វីតាមីន B ម៉ាញ៉េស្យូម ព្រមទាំងប៉ូតាស្យូមដែលប្រសើរសម្រាប់រក្សាសុខភាពរាងកាយទាំងមូល ហើយប្រឆាំងការរលាក។ ផ្លែបឺរ ក៏មានផ្ទុកសម្បូរទៅដោយសារធាតុ polyphenols ដែលជួយប្រឆាំងការរលាកបានយ៉ាងប្រសើរ។

៤. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានឥទ្ធិពលជួយកាត់បន្ថយការរលាកក្នុងរាងកាយ ព្រមទាំងបង្កើនសុខភាពខួរក្បាល និងបេះដូងផងដែរ។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B ដែលចាំបាច់ក្នុងការជួយរាងកាយបំលែងអាហារទៅជាថាមពល និងជួសជុល DNA របស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់អោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។

៥. រមៀត

អ្នកជំនាញជាច្រើននិយាយថារមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ លើសពីនេះទៅទៀតរមៀតក៏មានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។

៦. ខ្ញី

ជាប្រភពនៃសារប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពលប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពីការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។

៧. ផ្លែក្រូច

ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី និងទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។  ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង, ឆ្អឹងខ្ចី និងធ្មេញ។ លើសពីនេះទៅទៀត ក្រូច ក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម កាល់ស្យូម ជាតិសសៃ និងសារធាតុ folate ដែលជួយរក្សាសុខភាពបេះដូង ជាលិកាភ្ជាប់ ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងសុខភាពសសៃឈាមផងដែរ។

៨. ម្ទេសផ្លោក

ការរលាកផ្សេងៗក្នុងរាងកាយ គឺសុទ្ធតែផ្សារភ្ជាប់នឹងបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជាជំងឺធាត់ជ្រុល ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង ជំងឺរលាកសន្លាក់ ជំងឺពុកឆ្អឹង និងជំងឺមហារីក។ ម្ទេសប្លោកមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin ដែលជួយគ្រប់គ្រង ឬទប់ស្កាត់ការរលាកក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺផ្សេងៗដែលទាក់ទងជាមួយការរលាកនឹងត្រូវបានកាត់បន្ថយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង