មានបងប្អូនស្រ្តីយើងម្នាក់ គាត់បានសួរខ្ញុំតាមរយៈទំព័រ Facebook Page ទាក់ទងនឹងបញ្ហារបស់គាត់។ ក្រោយពីអាន ក៏ដូចជាឆ្លើយជូនគាត់រួចមក ខ្ញុំយល់ថា សំណួរមួយនេះទំនងជាសំខាន់សម្រាប់ចំណេះដឹងទូទៅជាតែម្តង ដូច្នេះខ្ញុំក៏សម្រេចចិត្តយកវាមកបកស្រាយឲ្យកាន់តែច្បាស់លាស់បន្តិចតែម្តងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គាត់បានសរសេរថា “ជម្រាបសួរបងខ្ញុំអាយុ៣៥ឆ្នាំហើយធ្លាប់មានទម្ងន់ (ផ្ទៃពោះ) ២ដងរួចហើយតែធ្លាក់រហូតទោះបីជាញ៉ាំថ្នាំរក្សាគ៌រហើយក៏មិននៅដែរ។តើខ្ញុំត្រូវធ្វើដូចម្តេចទើបកុំឲ្យមានបញ្ហាបែបនេះទៀត?”
លើលោកនេះមិនមានស្រ្តីមានផ្ទៃពោះណាម្នាក់ចង់ឲ្យកូនរបស់ខ្លួនដែលមិនទាន់នឹងបានឃើញពន្លឺថ្ងៃផង ស្លាប់ទៅវិញនោះទេ។ ចំពោះបញ្ហាដែលនាំឲ្យកូនរលូតនោះ ភាគច្រើនទាក់ទងនឹងបញ្ហាម្តាយផ្ទាល់តែម្តងដូចជា ម្តាយអាចនឹងមានជំងឺជាប់ខ្លួន ជាពិសេសជំងឺកាមរោគ ឬជំងឺស្អូចជាដើម ព្រោះថាជំងឺនេះអាចនឹងកើតមានបានដោយមិនមានរោគសញ្ញាអ្វីសម្គាល់ដឹងឡើយក្នុងដំណាក់កាលដំបូង។ ដូច្នេះបើសិនជាដំណាក់កាលមួយនេះ បែរជាមានផ្ទៃពោះទៀត កូនពិតជាមិនអាចនៅបានឡើយ។
មួយវិញទៀត ទាកទងនឹងរបបអាហារ និងការចាក់ថ្នាំបង្ការ។ ក្នុងការផ្សាយពាណិជ្ជកម្មក្នុងទូរទស្សន៍ស្រុកយើង ភាគច្រើនក៏មានបង្ហាញអំពីរឿងដែលស្រ្តីមានផ្ទៃពោះភ្លាមៗត្រូវធ្វើដូចជា ការចាក់ថ្នាំបង្ការ ប្រើថ្នាំរក្សាគ៌រ និងញ៉ាំរបបអាហារឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវចៀសវាងអាហារដែលហាមប្រាម ដូចជាគ្រឿងស្រវឹង និងការជក់បារីជាដើម។
ការដែលមានដុំសាច់ក្នុងស្បូនក៏អាចជាហេតុផលមួយធ្វើឲ្យកូនមិនអាចនៅបានដែរ។ ដុំសាច់មួយនេះហៅថា Fibroma។ ភាគច្រើនដុំសាច់ប្រភេទនេះកម្រនឹងធ្វើឲ្យរលូតកូនណាស់ ប៉ុន្តែបើសិនជាវាកើតមានក្នុងក្រោមភ្នាស់ស្បូនវិញនោះ វាពិតជាអាចធ្វើឲ្យកូនរលូតបាន។
ករណីមួយទៀតគឺ ទម្រងស្បូនរបស់មនុស្សស្រីគឺមិនអាចរក្សាកូនបានតែម្តង។ ទោះបីជាករណីបែបនេះកម្រនឹងកើតមានលើស្រ្តីភាគច្រើនក៏ដោយ ប៉ុន្តែវាក៏ជាដើមហេតុមួយផងដែរ។ ជាក់ស្តែងដូចជា មានសន្ទះកណ្តាលនៅក្នុងស្បូនជាដើម។
ដូច្នេះសរុបមក បើសិនជាយើងចង់បានកូនដ៏មានសុខភាពល្អមែន សូមចៀសវាងការបណ្តោយតាមយថាកម្ម។ មានន័យថា មានក៏បានអត់ក៏បាន ឬហៅថាយកដោយចៃដន្យ។ យើងគួរតែមានគម្រោងណាមួយឲ្យប្រាកដក្រោយពីរៀបការរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ឧទាហរណ៍ អាចគិតថា ពីរឆ្នាំក្រោយចាំយក ដូច្នេះ អ្វីដែលអាចធ្វើបានទាំងប្តី និងប្រពន្ធ ត្រូវទៅឲ្យពេទ្យពិនិត្យសុខភាពសិនថា អ្នកទាំងពីរពិតជាមានសុខភាពល្អបរិបូរណ៍ និងស័ក្តិសមនឹងមានផ្ទៃពោះហើយ។ ការធ្វើតេស្តនេះអាចមានជាការពិនិត្យឈាម និងការថតអេកូដើម្បីពិនិត្យទៅលើស្បូនស្រ្តីជាដើម៕