ទោះបីជាភាគច្រើននៃពួកយើងធ្លាប់ទទួលទានទឹកប្រទាលកន្ទុយក្រពើ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថារុក្ខជាតិនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប្រទាលកន្ទុយក្រពើល្អយ៉ាងណាខ្លះទៅចំពោះស្បែក? ថ្ងៃនេះវេបសាយសុខភាព 
Health.com.kh នឹងបង្ហាញអោយដឹងពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីរក្សាស្បែក ៖

១. បំបាត់ស្នាមសង្វារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុកចោលសម្រាប់
រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។

២. ព្យាបាលមុន

លាយសាច់ ឬជែលប្រទាលកន្ទុយក្រពើចំនួន ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ចំនួនពី ២ 
ទៅ ៣ ដំណក់។​​​ កូរអោយសព្វ សឹមលាបទឹកល្បាយលើមុន ឬតំបន់ស្បែកដែលទទួលរងផលប៉ះពាល់
។ ទុកចោលរហូតដល់ស្បែកស្រូបយកជាតិល្បាយ។ ហើយដើម្បីកម្ចាត់ក្បាលខ្មៅអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុនក្បាលខ្មៅ និងទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តរាល់ថ្ងៃជាប្រចាំ
ដើម្បីទទួលបានស្បែកស្រស់ថ្លារលោងស្អាត។

៣. ព្យាបាលសត្វល្អិតខាំ

លាបសាច់ ឬជែលប្រទាលកន្ទុយក្រពើលើកន្លែងដែលសត្វខាំដើម្បីបំបាត់ការរមាស់ ឈឺចាប់ កាត់បន្ថយការហើមនិងរលាក។

៤. បំបាត់ស្នាមអ៊ុចខ្មៅ

ចំពោះផ្ទៃមុខ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។ ចំពោះស្បែកត្រង់ដៃជើង ឬខ្លួន អ្នកអាចយកជែលប្រទាលកន្ទុយក្រពើលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។

៥. បំបាត់ស្នាមខ្មៅត្រង់ជង្គង់

លាបជែល ឬសាច់ប្រទាលកន្ទុយក្រពើលើក្បាលជង្គង់ និងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ៕