តើអ្នកកំពុងតែបារម្ភអំពីចំនួនមេជីវិតឈ្មោលតិចពេកក្នុងការចង់បានកូនមែនទេ? ទឹកកាមអាចនឹងមានប្រសិទ្ធភាពខ្លាំងបំផុតសម្រាប់ការបង្កកំណើតបានលុះត្រាតែវាមានចំនួនមេជីវិតឈ្មោលច្រើនជាង ១៥លានក្បាលក្នុងចំណុះមួយមីលីលីត្រ។ ចំនួននេះអាចនឹងថយចុះនៅពេលពងស្វាសស្ថិតក្នុងអាការៈក្តៅខ្លាំង ស្រ្តេស និងកំពុងតែមានជំងឺកាមរោគដែលរំខានដល់ការផលិតមេជីវិតឈ្មោល។ សំណាងដែរ យើងមានវិធីច្រើនដែលអាចជួយបង្កើនចំនួនមេជីវិតឈ្មោលអ្នកបាន។
ចៀសវាងភាពក្តៅខ្លាំងទៅលើពងស្វាស
ហេតុផលដែលបញ្ជាក់ថាពងស្វាសត្រូវនៅក្រៅរាងកាយនោះគឺដោយសារតែ វាត្រូវការកន្លែងដែលត្រជាក់ជាងសរីរាង្គខាងក្នុងពោះបន្តិច។ នៅពេលពងស្វាសស្ថិតក្នុងកន្លែងក្តៅពេក វាមិនអាចផលិតមេជីវិតឈ្មោលច្រើនឡើយ។ មានមធ្យោបាយច្រើនណាស់ដើម្បីឲ្យប្រាកដថាពងស្វាសមិនស្ថិតក្នុងកន្លែងដែលក្តៅពេក៖
- កុំស្លៀកខោលីអូ និងខូវប៊យតឹងៗ
- ស្លៀកខោដែលធូរៗ
- គេងដោយមិនបាច់ស្លៀកខោលីអូ
- ចៀសវាងការងូតទឹកក្តៅ និងសូណា
បន្ថយស្រ្តេស
ស្រ្តេសអាចកាត់បន្ថយមុខងារផ្លូវភេទ ដែលជាហេតុនាំឲ្យថយចុះការផលិតមេជិវិតឈ្មោលបាន។ បើសិនជាអ្នកធ្វើការលើសពី ១២ម៉ោងក្នុងមួយថ្ងៃ និងមិនផ្តល់ពេលវេលាខ្លួនឯងសម្រាកសោះនោះ ចំនួនមេជីវិតឈ្មោលអាចនឹងថយចុះទៅតាមគ្នាដែរ។ ចូរព្យាយាមប្រើវិធីសាស្រ្តបន្ធូរអារម្មណ៍ដើម្បីមានអារម្មណ៍ល្អខ្លះទៅ។ ចូរថែរក្សាសុខភាពផ្លូវចិត្ត និងកាយឲ្យបានល្អតាមរយៈការហាត់ក្បាច់យូហ្គា និងតាំងសមាធិ រត់ ឬហែលទឹក។
- ស្រ្តេសអ័រម៉ូននឹងទៅទប់ស្កាត់កោសិកាដែលមានតួនាទីផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ នៅពេលរាងកាយចេះតែទទួលភាពតានស្រ្តេសច្រើនពេក វាអាចនឹងបញ្ឈប់ការផលិតមេជីវិតឈ្មោលជាមួយគ្នាតែម្តង។
- ចូរប្រាកដថាអ្នកកំពុងតែទទួលបានការគេងគ្រប់គ្រាន់រាល់ថ្ងៃ ព្រោះការអស់កម្លាំងក៏អាចនាំឱ្យស្រ្តេសកាន់តែច្រើន និងបន្ថយការផលិតមេជីវិតឈ្មោលដែរ។
ឈប់ជក់បារី
ការជក់បារីធ្វើឲ្យចំនួនមេជីវិតឈ្មោលថយចុះ តាមរយៈបន្ថយចលនារបស់វា និងមិនមានរូបរាងគ្រប់លក្ខណៈ។ យោងទៅតាមការសិក្សាមួយបានឲ្យដឹងថា បុរសដែលជក់បារីមាន ២២ភាគរយហើយដែលមេជីវិតឈ្មោលថយចុះទាបជាងបុរសដែលមិនជក់។
ញ៉ាមគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
គ្រឿងស្រវឹងមានការប៉ះពាល់ដល់មុខងារថ្លើម ដែលជាហេតុធ្វើឲ្យកើនឡើងរបស់អ័រម៉ូនភេទស្រី អេស្រ្តូជែនបាន។ ដោយសារតែអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូនមានទំនាក់ទំនងនឹងសុខភាពមេជីវិតឈ្មោល និងការផលិតមេជីវិតឈ្មោលដោយផ្ទាល់នោះ ដូច្នេះរឿងនេះពិតជាមិនល្អសម្រាប់បុរសឡើយ។ គ្រាន់តែញ៉ាំគ្រឿងស្រវឹងតែពីរដងក្នុងមួយថ្ងៃក៏មានផលប៉ះពាល់រយៈពេលយូរដល់ការផលិតមេជីវិតឈ្មោលបានដែរ។
កុំសូវបញ្ចេញទឹកកាមចោលពេក
ការដែលឧស្សាហ៍បាញ់ទឹកកាមចោលអាចបណ្តាលឲ្យថយចុះចំនួនមេជីវិឈ្មោលបាន។ រាងកាយមនុស្សយើងនឹងផលិតមេជីវិតឈ្មោលរាប់លានក្បាលជារៀងរាល់ថ្ងៃ ប៉ុន្តែបើសិនជាអ្នកមានចំនួនមេជីវិតឈ្មោលចុះទាបស្រាបហើយ ចូររក្សាវាទុកឲ្យបានច្រើនផងទៅ កុំឧស្សាហ៍បញ្ចេញវាចោលពេកអី។ បើសិនជាអ្នករួមភេទ ឬជួយខ្លួនឯងជារៀងរាល់ថ្ងៃចូរកាត់បន្ថយភាពញឹកញាប់នេះសិនទៅដើម្បីបង្កើនចំនួនមេជីវិតឈ្មោលឡើងវិញ៕