ស្ត្រីភាគច្រើនមានអារម្មណ៍រំភើបនៅពេលដឹងថាខ្លួនឯងកំពុងមានផ្ទៃពោះ ប៉ុន្តែរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ភាពរីករាយក៏ថយចុះខ្លះដោយសារឥទ្ធិពលនៃអាការៈចាញ់កូន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងតាមការធ្វើស្ថិតិជាច្រើនបង្ហាញថា ប្រមាណ ៧០ភាគរយនៃស្ត្រីមានផ្ទៃពោះប្រឈមមុខនឹងអាការៈចាញ់ ហើយប្រហែលជាពាក់កណ្ដាលជួបប្រទះបញ្ហាក្អួត។ ជាធម្មតាអាការៈចាញ់កូនកើតឡើងក្នុងកំឡុងសប្តាហ៍ទី ៦ ឬ ទី៧ នៃការមានផ្ទៃពោះ ហើយធ្វើទុក្ខខ្លាំងនៅសប្តាហ៍ទី ៨ និងទី៩។ ក្រៅពីការទទួលទានថ្នាំពេទ្យ អាការៈចាញ់កូនក៏អាចធូរស្បើយជាមួយរូបមន្តបែបធម្មជាតិផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗជួយសម្រាលអាការៈចាញ់កូនបានយ៉ាងឆាប់រហ័ស ៖
១. តែខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការរលាកផ្សេងៗដែលបង្កអាការៈចង្អោរចង់ក្អួត។ លើសពីនេះទៅទៀត ខ្ញីក៏ជាប្រភពនៃសារធាតុ gingerol ដែលមានឥទ្ធិពលយ៉ាងប្រសើរលើប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសសៃប្រសាទកណ្ដាលជួយសម្រាលអាការៈចង្អោរចង់ក្អួត, ឈឺពោះ រាគ ព្រមទាំងជំងឺមួយចំនួនផ្សេងទៀតពាក់ព័ន្ធជាមួយការរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ ដើម្បីបំបាត់អាការៈចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង ឬអ្នកអាចទំពារខ្ញីមួយចំណិតទាំងឆៅតែម្ដងក៏បាន។
២. ជីអង្កាម
ជីអង្កាម គឺជាឱសថបែបធម្មជាតិមួយទៀតដែលជួយសម្រួលសាច់ដុំក្រពះបំបាត់អាការៈចង្អោរ និងក្អួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែជីអង្កាម ឬហិតប្រេងជីអង្កាមជាការស្រេច។
៣. ទឹកក្រូចឆ្មារ
រសជាតិជូរនៃក្រូចឆ្មារអាចជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយតែខ្ញីរួចទទួលទានជាការស្រេច។ អ្នកក៏អាចលាយទឹកក្រូចឆ្មារជាមួយទឹកធម្មតាបានដែរ។
៤. ទឹក
សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវប្រឈមមុខនឹងអាការៈក្អួត គឺត្រូវប្រាកដថាបានទទួលទានទឹកច្រើនគ្រប់គ្រាន់វិញដើម្បីបំពេញជាតិទឹកដែលបាត់បង់។
៥. លំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណក៏ជួយកាត់បន្ថយឥទ្ធិពលនៃអាការៈចាញ់កូនបានយ៉ាងឆាប់រហ័សគួរអោយកត់សម្គាល់។ ទោះជាយ៉ាងណា នេះមិនមែនមានន័យថា អ្នកត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាអ្វីឡើយ គឺគ្រាន់តែដើរ ឬហែលទឹកក៏អាចសម្រាលអាការៈចាញ់ដែរ។
៦. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ កែវ។ កូរអោយសព្វ សឹមទទួលទានរាល់ព្រឹកដើម្បីបំបាត់អាការៈចាញ់។
៧. ទឹកដូង
បន្ថែមទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេក្នុងទឹកដូង ១ កែវ។ កូរអោយសព្វ សឹមក្រេបបន្តិចរាល់ ១៥ នាទីម្ដង៕