ជំងឺស្រឡាទែនសព្វថ្ងៃនេះកម្រនឹងកើតឡើងណាស់ដោយសារតែវ៉ាក់សាំងបង្ការជំងឺនេះត្រូវបានគេរកឃើញ និងប្រើប្រាស់រយៈពេលច្រើនឆ្នាំមកហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមិនមែនមានន័យថាវាមិនកើតមានឡើយ។ ការពិតនោះគឺថា អ្នកប្រហែលជាអាចកើតជំងឺនេះដដែលគ្រាន់តែមិនដឹងដោយសារតែមានអាការៈតិចតួច ហើយពេលខ្លះជំងឺស្រឡាទែនដែកើតឡើងលើមនុស្សធំគឺមិនជាប់ទាក់ទងនឹងការហើមក្រពេញទឹកមាត់ដូចក្មេងៗឡើយ។ នៅពេលអ្នកមានជំងឺស្រឡាទែន អ្នកជំនងជាមានការឈឺចាប់នៅផ្នែកខាងក្រោយនៃថ្ពាល់ទាំងសងខាង។ យ៉ាងណាមិញ ការទំពារអាហារនៅពេលមានជំងឺស្រឡាទែនអាចជាការពិបាកមួយ ដូច្នេះខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះនៃការញ៉ាំអាហារមួយចំនួននៅពេលមានជំងឺស្រឡាទែនទម្រាំតែជំងឺនេះជាវិញ។
ចៀសវាងអាហារណាដែលត្រូវការទំពារច្រើនពេក
ទាំងការទំពារ និងលេបអាហារអាចធ្វើឲ្យឈឺបានទាំងអស់នៅពេលមានជំងឺហើមស្រឡាទែន។ ហេតុដូច្នេះហើយ សកម្មភាពពីរនេះគួរតែកាត់បន្ថយឲ្យបានច្រើនបំផុតទើបជារឿងល្អ។ ដូច្នេះចូរជ្រើសរើសអាហារណាដែលមិនត្រូវការទំពារច្រើនដូចជា ស៊ុបមាន់ និងយ៉ាអួរជាដើម។
ចៀសវាងការញ៉ាំអាហារជូរ
ជំងឺហើមស្រឡាទែនបង្កឡើងដោយវីរុស ហេតុដូច្នេះហើយយកល្អគួរតែធ្វើយ៉ាងណាឲ្យប្រព័ន្ធភាពស៊ាំខ្លាំង ដូច្នេះការប្រើថ្នាំផ្សះគឺគ្មានប្រយោជន៍ចំពោះជំងឺនេះឡើយ។ ប៉ុន្តែអ្នកគួរតែចៀសវាងការញ៉ាំរបស់ជូរៗ ដោយសារតែវាទៅភ្ញោចដល់ការផលិតទឹកមាត់កាន់តែខ្លាំង ហើយឈឺចាប់ក៏ខ្លាំងដែរ។ ក្រៅពីផ្លែឈើជូរៗ អ្នកក៏គួរតែចៀសវាងអាហារមានជាតិអាស៊ីត ឬជូរៗច្រើនដូចជា ប៉េងប៉ោះ ទឹកប៉េងប៉ោះ និងទឹកខ្មេះជាដើម។
ចៀសវាងការញ៉ាំអាហារហិរ
អាហារហិរមិនខុសគ្នានឹងអាហារជូរៗទេ ដោយសារតែវាទៅភ្ញោចក្រពេញទឹកមាត់ធ្វើការកាន់តែខ្លាំង និងផលិតទឹកមាត់កាន់តែច្រើន។ ដូច្នេះគួរតែផ្អាកការញ៉ាំរបស់ហិរសិនរហូតដល់ជំងឺនេះជាងទៅវិញ។
ចូរញ៉ាំទឹកឲ្យបានច្រើនជាងប្រចាំ
ដូចបានបញ្ជាក់ពីខាងលើអ៊ីចឹងថា ការញ៉ាំផ្លែឈើជូរៗច្រើនអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបានដោយសារតែវាសម្បូរវិតាមីន C តែវាអាចធ្វើឲ្យឈឺចាប់បាន។ ដូច្នេះវិធីដោះស្រាយ ក៏ដូចជាបង្កើនប្រព័ន្ធភាពស៊ាំដូចគ្នានោះគឺញ៉ាំទឹកឲ្យបានច្រើនវិញ ដើម្បីទឹកអាចច្រោះជាតិពុល និងកាកសំណល់ចេញពីរាងកាយ ដើម្បីថែរក្សាការងារប្រព័ន្ធភាពស៊ាំឲ្យនៅខ្លាំងដដែលបាន។ ការញ៉ាំទឹកមួយថ្ងៃពីរលីត្រអាចជួយបញ្ចុះកម្តៅដោយសារតែជំងឺស្រឡាទែនផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំណាំ៖
សូមបញ្ជាក់ផងដែរថា ជំងឺស្រឡាទែននេះនឹងជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលប្រហែល ១០ថ្ងៃ។ ក្នុងករណីដែលអ្នកក្តៅខ្លួនចាប់ពី ៣៩អង្សារ ឈឺពោះ ឬពងស្វាស វង្វេងវង្វាន់ និងពិបាកញ៉ាំអាហារខ្លាំង ចូរប្រញ៉ាប់ទៅជួបគ្រូពេទ្យភ្លាម៕