រឿងមួយក្នុងចំណោមរឿងជាច្រើនដែលអាចបង្កើនការប្រឈមនឹងជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងគឺ ការក្រិនរឹងរបស់សរសៃឈាមអាក់ទែ។ សរសៃឈាមអាក់ទែរបស់មនុស្សយើងត្រូវតែទន់ ហើយអាចកន្ត្រាក់នៅពេលចាំបាច់ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់លំហូរឈាម។ ជាអកុសល្យ សរសៃឈាមអាក់ទែមិនអាចនៅមានភាពរស់រវើកបែបនេះរហូតទេ គឺវាអាចទៅជារឹងបាន។ មានរឿងខុសៗគ្នាច្រើនណាស់ដែលអាចធ្វើឲ្យសរសៃឈាមអាក់ទែទៅជាក្រិនរឹង ហើយមូលហេតុខ្លះទៀតដូចជា ការចាស់ទៅតាមអាយុ ទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាព របៀបរស់នៅមិនផ្តល់សុខភាព ការជក់បារី និងស្រ្តេស។

វានៅតែជាមិនមែនរឿងល្អឡើយក្នុងការដែលសរសៃឈាមអាក់ទែទៅជារឿងក្រិន ព្រោះវាមិនអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ ហើយក៏នាំឲ្យប្រឈមនឹងការលើសសម្ពាធឈាម ហើយបេះដូងធ្វើការកាន់តែច្រើនថែមទៀត។ ក្រៅពីនេះវានឹងបង្កើនការកើតជាកំណក់ឈាម ដែលអាចធ្វើឲ្យកើតជាជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលដែរ។

យ៉ាងណាមិញមានរឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីការពារសរសៃឈាមអាក់ទែពីការក្រិនរឹងបានដូចជា៖

ឈប់ជក់បារី

តើអ្នកកំពុងតែជក់បារីមែនទេ? បើមែន ចូរផ្តាច់ទម្លាប់នេះឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានទៅបើសិនជាមិនចង់ឲ្យសរសៃឈាមអាក់ទែទៅជាក្រិនរឹងលឿនទេនោះ។ ការសិក្សាមួយចំនួនបានបង្ហាញថា ជាតិពុលក្នុងបារីអាចផ្លាស់ប្តូររចនាសម្ព័ន្ធរបស់សរសៃឈាមអាក់ទេ រហូតដល់ធ្វើឲ្យវាទៅក្រិនរឹងបាន។ 

បន្ថយស្រ្តេស

បើសិនជាជីវិតប្រចាំថ្ងៃអ្នកពោរពេញទៅដោយភាពតានតឹង យកល្អគួរតែស្វែងរកមធ្យោបាយជាច្រើនដើម្បីបន្ថយស្រ្តេសផងទៅ។ ក្រៅពីនេះ សរសៃឈាមអាក់ទែប្រហែលជាទៅជារឹងដែរ ដែលអាចនាំឲ្យលើសសម្ពាធឈាម។ កាលណាសម្ពាធឈាមកាន់តែខ្ពស់ វាកាន់តែធ្វើឲ្យសរសៃឈាមអាក់ទែខូចខាត។ 

សម្រកទម្ងន់

រឿងមួយផ្សេងទៀតដែលអ្នកអាចសង្គ្រោះសរសៃឈាមអាក់ទែពីការក្រិនរឹងបានគឺ សម្រកទម្ងន់ដែលកំពុងតែលើស។ យ៉ាងណាមិញ គួរតែកុំប្រើថ្នាំសម្រកទម្ងន់ និងតមអាហារអី ព្រោះវាគ្រាន់តែបង្កជាបញ្ហាច្រើនជាងផលល្អប៉ុណ្ណោ។ 

ហាត់ប្រាណ

យកល្អគួរតែមានទម្លាប់ប្រចាំថ្ងៃដោយការដើរ រត់យឺតៗ ហែលទឹក រាំ ជិះកង់ ឬហាត់យូហ្គា។ ការហាត់ប្រាណបានរាល់ថ្ងៃនឹងជួយធ្វើឲ្យប្រព័ន្ធបេះដូងសរសៃឈាមធ្វើការកាន់តែមានប្រសិទ្ធភាព ដូច្នេះវាក៏ជួយសង្គ្រោះសរសៃឈាមអាក់ទែកុំឲ្យក្រិនរឹងដែរ។ 

ញ៉ាំអាហារផ្តល់សុខភាព

បើសិនជាអ្នកមិនចង់ឲ្យសរសៃឈាមអាក់ទែទៅជាក្រិនរឹងនៅថ្ងៃក្រោយទេ ចូរធ្វើយ៉ាងណាមានទម្លាប់ញ៉ាំអាហារផ្តល់សុខភាពទៅ។ ចូរបន្ថែមការញ៉ាំបន្លែ និងផ្លែឈើកាន់តែច្រើន។ លើសពីនេះទៅទៀត ចូរតមអាហារដែលមានជាតិជាតិស្ករច្រើន ប្រៃច្រើន ឬខ្លាញ់ច្រើនដែរ។ 

ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម

ចូរតមការញ៉ាំគ្រឿងស្រវឹងច្រើនៗបើសិនជាអ្នកចង់រក្សាសរសៃឈាមអាក់ទែពីការក្រិនរឹង។ សម្រាប់ការញ៉ាំក្នុងកម្រិតមធ្យម ការញ៉ាំគ្រឿងស្រវឹងនឹងផ្តល់ជាប្រយោជន៍ដល់បេះដូងសរសៃឈាមបាន។ បើសិនជាអ្នកជាមនុស្សប្រុស អាចញ៉ាំត្រឹមពីរកំប៉ុងក្នុងមួយថ្ងៃ និងស្រ្តីអាចបានត្រឹមតែមួយកំប៉ុងក្នុងមួយថ្ងៃទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង