ភ្នំពេញ : មានអ្នកគាំទ្រ តារាសម្តែង គង់ ច័ន្ទស្រីមុំ ជាច្រើនរូបបានដាក់ជាសំណួរថា ហេតុអ្វី កូនស្រីដ៏ស្រស់ស្អាតរបស់នាង ដែលទើបតែសម្រាលថ្មីៗនេះ ដាក់ឈ្មោះកូន ថា “គឹម សីហ៍មរកត” ដែលឈ្មោះនេះមានលក្ខណៈជា ឈ្មោះ បែបជាកូនខ្មែរពេញលក្ខណៈតែម្តង ក៏ព្រោះតែគ្រប់គ្នាគិតថា តារា Cute Cute ទាំងពីរនាក់ប្តីប្រពន្ធនេះ អាចនឹងដាក់ឈ្មោះកូនជាភាសាបរទេស បែបស៊ីវិល័យ ទាន់សម័យទៅហើយ។
ឆ្លើយតបនឹងសំនួរបែបនេះ លោក គឹម សីហា ជាឪពុក ទារិកា គឹម សីហ៍មរកត បានថ្លែងទាំងញញឹមញញែម ថា “យើងគឺជាខ្មែរនឹងមានឈាមជ័រជាខ្មែរ ថ្វីត្បិតតែពួកខ្ញុំជាមនុស្សស៊ីវិល័យ ប៉ុន្តែទំនៀមទម្លាប់គឺត្រូវបានត្រងត្រាប់ធ្វើតាមបែបប្រពៃណីមិនដែលរំលង ជាពិសេសឈ្មោះកូនស្រី ដែលបញ្ជាក់អត្តសញ្ញាណថា ជាកូនខ្មែរ ដោយមិនប្រើឈ្មោះបរទេស នោះ គឺត្រង់ថា កូនស្រីខ្ញុំ ត្រូវបានព្រះសង្ឃជាអ្នកដាក់ឈ្មោះអោយ ម្យាងសាកសមភ្ជាប់ជាមួយនឹងឈ្មោះ ឪពុក-ម្តាយ ។ ជាក់ស្តែង គឹម សីហ៍មរកត គឺមានភ្ជាប់ឈ្មោះខ្ញុំជាឪពុក ចំណែកឈ្មោះហៅក្រៅ ថា ម៉ូម៉ូ គឺពាក្យចុងជួនជាមួយឈ្មោះរបស់ម្តាយ ស្រីមុំ អីចឹង ហើយ កូនស្រីរបស់ខ្ញុំត្រូវតែប្រើប្រាស់ឈ្មោះខ្មែរ។”
ងាកមកថ្ងៃកំណើត របស់ ទារិកា ម៉ូម៉ូ វិញម្តង គេសង្កេតឃើញថា ទារិកា នេះកើតចំថ្ងៃសៅរ៍ ទី៧ កក្កដា ២០១៨ វេលា ម៉ៅង ៧:៣៧ នាទី លោកថា ពេលវេលាទាំងអស់មិនមែនជាការរៀបចំទុកមុនទេ ប៉ុន្តែវាជាការចៃដន្យច្រើនជាង បើទោះបី គង់ ច័ន្ទស្រីមុំ ត្រូវសម្រាលកូនស្រីដោយវះកាត់ក៏ដោយ។
លោក សីហា បន្តថា ថ្ងៃ៦ កក្កដា ជាថ្ងៃកំណើត ភរិយា របស់ខ្លួន ដែលបានប្រារព្ធ ធ្វើឡើងនៅមន្ទីរពេទ្យតែម្តង ព្រោះតែការជូនពរ និងការរៀបចំឡើង គឺសុទ្ធតែជាអំណោយរបស់មិត្តភ័ក្រ មិនថា ការរៀបចំតុបតែងឆាក និង នំខួបកំណើត។ ចំណែក ពេលព្រឹកឡើង គឺចំថ្ងៃដែលត្រូវសម្រាលកូនស្រីតែម្តង។ អីចឹងមិនខាតនោះទេខួបកំណើត ម្តាយពេលយប់ កូនស្រីត្រូវកើតថ្ងៃបន្ទាប់៕
ប្រភព៖ sabay.com.kh