Join with Health.com.kh on Telegram

ប្រឈមមុខនឹងបញ្ហាស្ត្រេស គឺមិនល្អសោះឡើយសម្រាប់មនុស្សគ្រប់រូប។ ក្រៅពីប៉ះពាល់ដល់អារម្មណ៍ ស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះប្រព័ន្ធភាពស៊ាំរាងកាយ បេះដូង
ឆ្អឹង សម្ពាធឈាម និងប្រសិទ្ធិភាពខួរក្បាលផងដែរ។ វីធីដ៏ល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ គឺសម្រាកអោយបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ទោះជាយ៉ាងណា ក៏នៅមានអារម្មណ៍មួយចំនួនដែលអាចកាត់បន្ថយបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។ ថាតើអាហារអ្វីខ្លះទៅជួយបំបាត់ស្ត្រេសឆាប់រហ័ស? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានទប់ទល់នឹងភាពតានតឹងក្នុងអារម្មណ៍ ៖

១. តែបៃតង

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជំងឺអារម្មណ៍។ វាមានឥទ្ធិពលលើផ្លូវចិត្ត និងរាងកាយ ដោយការទទួលទានតែបៃតងជាប្រចាំ គឺអាចផ្ដល់នូវសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ប្រសិនបើអ្នកមិនចូលចិត្តតែបៃតង អ្នកអាចទទួលទានតែខ្មៅជំនួសវិញ ដោយវាមានឥទ្ធិពលល្អដូចគ្នា។ តែបៃតងជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតសម្រាប់អ្នកជក់បារី និងទទួលទានគ្រឿងស្រវឹង។

២. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសម្បូរខ្លាញ់ក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាល​​​ដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។

៣. សូកូឡាខ្មៅ

សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៤. តែរុក្ខជាតិ

មានតែរុក្ខជាតិច្រើនប្រភេទណាស់ដែលជួយកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ហើយក៏អាចទប់ស្កាត់ផលប៉ះពាល់ផ្សេងៗដែលអាចកើតមានលើសុខភាពផ្លូវចិត្តនិងរាងកាយផងដែរ។ឧទាហរណ៍ តែខ្ញីនិងតែរមៀតជួយកាត់បន្ថយការរលាកដែលបង្កឡើងដោយសារស្ត្រេស។

 ៥. ផ្លែចេក

ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមហើយនោះ ផ្លែចេកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន B រួមទាំងសារធាតុ folate និងវីតាមីន B6 ដែលជួយក្នុងការផលិតអ័រម៉ូន serotonin បង្កើនអារម្មណ៍ល្អប្រសើរកាត់បន្ថយភាពតានតឹង។

៦. គ្រាប់ធញ្ញជាតិ

ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B ដែលជួយកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ហើយថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ រក្សាសុខភាពខួរក្បាល ក៏ដូចជាសសៃប្រសាទផងដែរ៕