មានមនុស្សជាច្រើនជឿថា រឿងតែមួយគត់ដែលអាចបំផ្លាញថ្លើមបានគឺការញ៉ាំគ្រឿងស្រវឹងច្រើន។ ប៉ុន្តែវានៅមានរឿងច្រើនជាងនេះទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្លើមគឺជាសរីរាង្គក្នុងពោះដ៏ធំជាងគេបំផុតមួយដែលមានតួនាទីច្រើនជាង ៥០០ឯណោះ ហើយសុទ្ធតែខុសៗគ្នាដូចជា ការរំលាយអាហារ រក្សាទុកជីវជាតិ និងបញ្ចេញចោលកាកសំណល់ជាដើម។ ដូច្នេះវាអាចនឹងមានរឿងច្រើនដែលអាចបណ្តាលឲ្យថ្លើមខូចដោយមិនដឹងខ្លួន។ អាការៈមិនឃ្លានអាហារ ក្អួត និងចង្អោគឺជាអាការៈមួយចំនួនតូចដែលបញ្ជាក់ថាថ្លើមកំពុងតែមានបញ្ហា។ ដូច្នេះអ្នកក៏គួរតែដឹងថាមានរឿងអ្វីខ្លះដែលអាចបំផ្លាញសុខភាពថ្លើមអ្នកបាន។
គ្រឿងស្រវឹង
នរណាក៏ដឹងដែរថា គ្រឿងស្រវឹងមិនផ្តល់អ្វីល្អដល់ថ្លើមនោះទេ។ នៅពេលអ្នកញ៉ាំគ្រឿងស្រវឹង ថ្លើមនឹងបំលែងវាដើម្បីឲ្យមានជាតិពុលតិចជាងមុន។ ការបឺតស្រូបជាតិគ្រឿងស្រវឹងរបស់ថ្លើមអាចបណ្តាលឲ្យកើតជំងឺខ្លាញ់រុំថ្លើម រលាកថ្លើម និងក្រិនថ្លើមបាន។
ធាត់ជ្រុល
អ្នកដែលធាត់ជ្រុលគឺមានចំនួនជាតិខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេសជុំវិញថ្លើមតែម្តង ដែលជាហេតុនាំឲ្យកើតជំងឺខ្លាញ់រុំថ្លើម។ ការធាត់ជ្រុលក៏មានទំនាក់ទំនងនឹងជំងឺក្រិនថ្លើម និងខ្សោយថ្លើមដែរ។
ជំងឺទឹកនោមផ្អែម
ជំងឺប្រភេទនេះនឹងបង្កើនការប្រឈមនឹងជំងឺលើថ្លើមរហូតដល់ ៥០ភាគរយឯណោះ។ អ្នកមានជំងឺទឹកនោមផ្អែមដោយាសរតែអាំងស៊ុយកើនឡើងក្នុងឈាម ច្រើនតែធាត់ដុះក្បាលពោះ។ ហេតុដូច្នេះហើយ វានឹងធ្វើឲ្យថ្លើមរក្សាជាតិខ្លាញ់ក្នុងខ្លួនច្រើន និងបង្កជាជំងឺខ្លាញ់រុំថ្លើម។
ញ៉ាំប្រៃពេក
ការញ៉ាំប្រៃត្រូវបានគេស្គាល់ថាបណ្តាលឲ្យលើសសម្ពាធឈាម ប៉ុន្តែវាក៏បង្កជាជំងឺខ្លាញ់រុំថ្លើមដែរ។
ជក់បារី
ថ្វីបើការជក់បារីមិនមានឥទ្ធិពលអ្វីដោយផ្ទាល់ទៅលើមុខងារថ្លើមក៏ពិតមែន តែសារធាតុគីមីគ្រោះថ្នាក់ក្នុងបារីនឹងបង្កើនសម្ពាធអុកស៊ីតកម្មក្នុងខ្លួនក្រោយពីមានប្រតិកម្មជាមួយថ្លើម និងបង្កការខូចខាតដល់កោសិការថ្លើមទៀតផង។
ប្រើថ្នាំច្រើនជ្រុល
ការប្រើថ្នាំគ្មានវេជ្ជបញ្ជា និងមានវេជ្ជបញ្ជាច្រើនជ្រុលត្រូវបានគេស្គាល់ថាជាការបំផ្លាញថ្លើម។ ថ្នាំខ្លះដូចជា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ថ្នាំរំងាប់អារម្មណ៍ ថ្នាំសរសៃ និងថ្នាំបំបាត់ការឈឺចាប់សុទ្ធតែជាមុខសញ្ញាធំហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្នាំបំប៉នជីវជាតិ
ការស្រាវជ្រាវបាននិយាយថា ថ្នាំបំប៉នជីវជាតិអាចបង្កើនការផលិតអង់ស៊ីមថ្លើមនៅពេលប្រើច្រើនពេក និងធ្វើឲ្យខូចថ្លើមដែរ ជាពិសេសវីតាមីន A តែម្តង៕