ការគេងមិនគ្រប់មិនត្រឹមតែធ្វើអោយអ្នកបាក់សម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលខ្លាំងក្លាចំពោះសុខភាពផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រសិនបើអ្នកគេងបានគ្រប់ ៨ ម៉ោងរាល់យប់ អ្នកនឹងទទួលបានអត្ថប្រយោជ៍អស្ចារ្យជាច្រើន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការគេងបានគ្រប់គ្រាន់ជាប្រចាំ ៖
១. ផ្ដោតអារម្មណ៍បានឆាប់រហ័ស
យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថាកង្វះនៃការគេងអាចជះឥទ្ធិពលអវិជ្ជមានគួរ
ឱ្យព្រួយបារម្ភចំពោះដំណើរមុខងារនៃខួរក្បាលដោយភាពហត់នឿយកាត់បន្ថយសមត្ថភាពក្នុងការផ្ដោតអារម្មណ៍និងចងចាំពត៌មានផ្សេងៗ។ ដូច្នេះប្រសិនបើអ្នកគេងបានគ្រប់គ្រាន់នោះសមត្ថភាពក្នុងការផ្ដោតអារម្មណ៍និងចងចាំប្រាកដជាមានលក្ខណៈប្រសើរឡើងជាមិនខាន។
២. ចៀសផុតពីហានិភ័យនៃជំងឺធាត់ជ្រុល
អត្ថប្រយោជន៍ដ៏ប្រសើរបំផុតមួយទៀតនៃការគេងបានគ្រប់ ៨ ម៉ោងរាល់យប់ គឺចៀសផុតពីជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន
leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។
៣. ចៀសផុតពីហានិភ័យនៃជំងឺសសៃឈាមបេះដូង និងដាច់សសៃឈាមខួរក្បាល
នោះក៏ព្រោះតែការគេងបានគ្រប់គ្រាន់ជួយអោយចរន្តឈាមរត់បានត្រឹមត្រូវដែលទប់ស្កាត់បញ្ហាឈាម
កកកើតមានឡើង។ គួរបញ្ចាក់ផងដែរថា ប្រសិនបើឈាមកកចរាចរនោះវានឹងរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាលនោះហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន។
៤. ទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែម
នោះក៏ព្រោះតែការគេងបានគ្រប់គ្រាន់អាចរក្សាតុល្យភាពនៃអ័រម៉ូនដែលមានឥទ្ធិពលលើការផលិតអាំងស៊ុយលីន ហើយជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ដូច្នេះអ្នកប្រាកដជាអាចចៀសផុតពី
ហានិភ័យនៃជំងឺទឹកនោមផ្អែមមិនខាន។
៥. សុខភាពផ្លូវចិត្តល្អប្រសើរ
តើអ្នកធ្លាប់ដឹងទេថាការគេងមិនគ្រប់ក៏មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភគួរអោយកត់សម្គាល់? យោងតាមការសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក
NCBI បានឱ្យដឹងថាអ្នកដែលគេងបានតិចជាង ៦ ម៉ោងរាល់យប់ គឺហាក់ដូចជាងាយនឹងវិវត្តទៅជាកើតជំងឺធ្លាក់ទឹកចិត្តច្រើនជាងអ្នកដែលបានគេងគ្រប់គ្រាន់ដល់ទៅ ៥ ដងឯណោះ។ ដូច្នេះដើម្បីរក្សាសុខភាពផ្លូវចិត្តល្អប្រសើរ ចូរព្យាយាមគេងអោយបានគ្រប់គ្រាន់៕