បបូរមាត់របស់យើងមានចុងសសៃប្រសាទមិនតិចជាងមួយលាបឡើង ហើយងាយរងរបួសជាងចុងម្រាមដៃទៅទៀត។ ដូច្នេះបបូរមាត់ទាមទារការថែទាំដិតដល់បំផុតដើម្បីចៀសផុតបញ្ហាផ្សេងៗ។លើសពីនេះទៅទៀតស្ថានភាពនៃបបូរមាត់ក៏អាចបង្ហាញអោយដឹងពីបញ្ហាសុខភាពមួយចំនួនដែលយើងមិនគួរមើលរំលងផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីស្ថានភាពនៃបបូរមាត់ដែលពាក់ព័ន្ធបញ្ហាសុខភាព ៖

១. ស្នាមប្រេះនៅកៀនបបូរមាត

ការឆ្លងមេរោគជាកត្តាទូទៅបំផុតមួយនៃបញ្ហាប្រេះកៀនបបូរមាត់។ ដូច្នេះប្រសិនបើបញ្ហានេះកើតមានឡើងជាញឹកញយ ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ។

២. បបូរមាត់ស្ងួត

ភាពស្ងួតនៃបបូរមាត់អាចជាលទ្ធផលនៃបញ្ហាខ្វះជាតិទឹក ឬសំណើមក្នុងរាងកាយទាំងមូល។ វាក៏អាចកើតឡើងដោយសារកត្តាអាកាសធាតុ ឬភាពស្ត្រេសផងដែរ។ ក្នុងករណីនេះ ចូរព្យាយាមទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់និងប្រើប្រាស់ក្រែមផ្ដល់សំណើមដល់បបូរមាត់។ ទោះជាយ៉ាងប្រសិនបើភាពស្ងួតនៃបបូរមាត់មានអមមកជាមួយនូវអាការៈរមាស់ឥតឈប់ ឬឈឺចាប់ ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

៣. ដុំពកលើបបូរមាត់

ដុំពកលើបបូរមាត់អាចបណ្ដាលអោយមានការឈឺចាប់ ឬអារម្មណ៍មិនស្រួល ប៉ុន្តែភាគច្រើនវាមិនបង្កគ្រោះថ្នាក់អ្វីចំពោះសុខភាពឡើយ ហើយអាចបាត់ទៅវិញដោយឯកឯងទៀតផង។ ពេលខ្លះវាអាចបណ្ដាលមកពីការរងរបួសអ្វីមួយ ឬបញ្ហាអាឡែកស៊ីនឹងចំណីអាហារ។ ទោះជាយ៉ាងណាដុំពកលើបបូរមាត់ក៏អាចរោគសញ្ញានៃជំងឺពងបែកដែលទាមទារអោយមានការព្យាបាលត្រឹមត្រូវ។

៤. ស្នាមរង្វង់ក្រហមជុំវិញបបូរមាត់

មូលហេតុទូទៅបំផុតមួយនៃបញ្ហាស្នាមរង្វង់ក្រហមជុំវិញបបូរមាត់ គឺការរលាកស្បែក។ ហើយជាញឹកញយទម្លាប់លិទ្ធបបូរមាត់ជាកត្តានាំអោយមានការរលាក។ ដូច្នេះការប្រើប្រាស់ក្រែមផ្ដល់សំណើមនិងបញ្ឈប់ទម្លាប់លិទ្ធបបូរមាត់ជាដំណោះស្រាយដ៏ប្រសើរសម្រាប់បញ្ហានេះ។

៥. ស្នាមជ្រួញលើបបូរមាត់ផ្នែកខាងលើ

ទាំងកត្តារាងកាយនិងអារម្មណ៍សុទ្ធតែអាចជាមូលហេតុចម្បងបំផុតនៃបញ្ហាជ្រួញបបូរមាត់ផ្នែកខាងលើ។ដូច្នេះដើម្បីចៀសផុតបញ្ហាចូរព្យាយាមបញ្ឈប់ ឬកាត់បន្ថយទម្លាប់អាក្រក់មួយចំនួនដូចជាការប្រើប្រាស់បំពង់ ឬទុយោបឺតភេសជ្ជៈញឹកញាប់ និងការជក់បារីដោយសារស្ត្រេសជាដើម។ 

៦. បបូរមាត់ប្រែពណ៌

បបូរមាត់ពណ៌ខៀវអាចបណ្ដាលមកពីកង្វះចរន្តអុកស៊ីសែនក្នុងឈាម។ ខណៈដែលបបូរមាត់ពណ៌ស ឬបបូរមាត់ស្លេកអាចចង្អុលបង្ហាញពីអាការៈបញ្ហាខ្វះគ្រាប់ឈាមក្រហម។ មូលហេតុផ្សេងទៀតអាចជាបញ្ហាជាតិស្ករក្នុងឈាមចុះទាប បញ្ហាពាក់ព័ន្ធចរន្តឈាម ឬកង្វះវីតាមីន។

៧. បបូរមាត់ហើម

ការហើមអាចជារោគសញ្ញានៃបញ្ហាប្រតិកម្ម ឬអាឡែកស៊ី។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញបបូរមាត់ហើមនៅរាល់ពេលប្រើប្រាស់គ្រឿងសម្អាងណាមួយ ចូរបញ្ឈប់ការប្រើភ្លាម។ ប្រសិនបើបបូរមាត់កាន់តែហើមឡើងៗយ៉ាងឆាប់រហ័ស ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។

៨. ស្នាមអ៊ុចខ្មៅលើបបូរមាត់

វាអាចបណ្ដាលមកពីមូលហេតុគួរអោយព្រួយបារម្ភជាច្រើន ដូច្នេះប្រសិនបើបញ្ហានេះកើតមានឡើង អ្នកមិនគួរប្រហែសមើលរំលងឡើយ។ ជម្រើសដ៏ប្រសើរបំផុត គឺទៅជួបពិគ្រោះជាមួយគ្រូពេទ្យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង