Join with Health.com.kh on Telegram

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះមានស្បែកភ្លឺរលោងស្រស់ស្អាត? មានកត្តាច្រើនណាស់ដែលធ្វើឱ្យស្បែកមានសភាពបែបនេះ ហើយមួយក្នុងចំណោមនោះ គឺការទទួលទានអាហារត្រឹមត្រូវ។ អ្វីដែលយើងទទួលទានជះឥទ្ធិពលចំពោះសុខភាពរាងកាយទាំងមូលតែម្ដង រួមទាំងសម្រស់ផងដែរ។ ដូច្នេះប្រសិនបើចង់ទទួលបានស្បែកភ្លឺរលោងស្រស់ស្អាត អ្នកគួរតែធ្វើការផ្លាស់ប្ដូរមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពស្បែកល្អប្រសើរស្រស់ស្អាតភ្លឺរលោង ៖

១. ផ្លែបឺរ

ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ ហើយភ្លឺរលោងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដប្រសើរបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អ វីតាមីន B-complex និងវីតាមីន E។

២. តែបៃតង

តែបៃតងជាប្រភពនៃសារធាតុ EGCG វីតាមីន E និងវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពស្បែកល្អប្រសើររលោងស្អាតបែបធម្មជាតិ។

៣. ការ៉ុត 

ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលមិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្ចាត់មុន និងការរលាកលើស្បែកផងដែរ។ វីតាមីន A ឬ beta-carotene កាត់បន្ថយការផលិតហួសកម្រិតនៃកោសិកាស្បែកក្នុងស្រទាប់ខាងក្រៅនៃស្បែក។ ហើយវាក៏ជួយកាត់បន្ថយការប្រមូលផ្ដុំនៃកោសិកាស្បែកងាប់ៗដែលអាចបង្កការរាំងស្ទះដល់រន្ធញើសផងដែរ។

៤. ម្ទេសប្លោក

អាហារផ្សេងទៀតដែលនឹងជួយឱ្យអ្នកទទួលបាននូវស្បែកភ្លឺរលោងបែបធម្មជាតិនោះ គឺម្ទេសផ្លោក។ នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយកម្ចាត់ស្នាមជាំខ្មៅ និងមុន ហើយរក្សាភាពភ្លឺរលោងនៃស្បែក។

៥. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ក្រៅពីនេះត្រីសាលម៉ុនក៏មានផ្ទុក dimethylaminoethanol ខ្ពស់ដែលជួយការពារកោសិកាស្បែកឱ្យរក្សាបាននូវសុខភាពល្អជានិច្ច។ តាមរយៈការពង្រឹងភាពរឹងមាំនៃកោសិកា នោះមានន័យថា អ្នកកំពុងតែទប់ស្កាត់ភាពចាស់មុនអាយុហើយ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចំពោះសុខភាព និងសម្រស់ ចូរព្យាយាមទទួលទានឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។

៦. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោមមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់នូវស្នាមជាំ ក៏ដូចជាភាពស្រអាប់នៃស្បែក និងកម្ចាត់ចោលនូវរាល់ជាតិពុលដែលបង្កបញ្ហានៃភាពចាស់ជាងវ័យ។ មិនថាអ្នកទទួលទានវានៅពេលព្រឹក ឬលាយជាមួយអាហារឡើយ ក៏ទឹកខ្មេះផ្លែប៉ោមនៅតែអាចផ្ដល់នូវអត្ថប្រយោជន៍ល្អប្រសើរចំពោះសុខភាព និងស្បែកដែរ៕