ជាញឹកញយអ្នកដែលមានស្បែកខ្លាញ់គឺងាយនឹងជួបប្រទះបញ្ហារន្ធញើសធំជាងធម្មតាណាស់។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារន្ធញើសធំ ៖
១. ម៉ាស្សាដុំទឹកកកលើមុខ
ដុំទឹកកកអាចបង្រួមរន្ធញើសក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ទឹកកកមួយដុំតូចម៉ាស្សាថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំជាការស្រេច។ ហើយពេលដ៏ល្អបំផុតដើម្បីអនុវត្ត គឺក្រោយពេលលាងសម្អាតមុខរួចដើម្បីប្រាកដថាគ្មានដី ឬភាពកខ្វក់អ្វីជាប់ក្នុងរន្ធញើស។
២. លាងសម្អាតជាមួយទឹកត្រជាក់
ចូរចាប់ផ្ដើមដោយលាងសម្អាតមុខជាមួយទឹកក្ដៅឧណ្ហៗជាមុនសិនដើម្បីបើករន្ធញើស រួចសឹមប្រើប្រាស់ហ្វូមលាងមុខដូចពេលធម្មតា។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើ គឺលាងសម្អាតមុខលើកចុងក្រោយជាមួយទឹកត្រជាក់ជាការស្រេច។
៣. លាបផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាផ្នែកពណ៌សនៃស៊ុតលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ ហើយទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ប្រើប្រាស់ស្ករសនិងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរអោយសព្វសឹមលាងម៉ាស្សាល្បាយថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៥. ដុសមុខជាមួយទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីមួយដុំជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោមរួចលាបថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕