កំពុងតែប្រឈមមុខនឹងបញ្ហាជាតិខ្លាញ់ក្នុងឈាមខ្ពស់មែនទេ? ដើម្បីចៀសផុតបញ្ហាធ្ងន់ធ្ងរកើតឡើងអ្នកចាំបាច់ត្រូវកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារមួយចំនួន។ ថាតើអាហារអ្វីខ្លះទៅដែលអ្នកមានបញ្ហាខ្លាញ់ក្នុងឈាមខ្ពស់គួរចៀសវាង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. បន្លែមានជាតិម្ស៉ៅ
ការកម្រិតការទទួលទានបន្លែមានជាតិម្ស៉ៅដូចជាដំឡូង ពោត សណ្ដែកជាដើម គឺសំខាន់ខ្លាំងណាស់នៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់។ នោះក៏ព្រោះតែបន្លែមានជាតិម្ស៉ៅផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាខ្លាញ់ទ្រីគ្លីសេរីដ។
២. ផ្លែឈើ
នោះក៏ព្រោះតែផ្លែឈើភាគច្រើនមានផ្ទុកជាតិស្ករធម្មជាតិ fructose ខ្ពស់។ នៅពេលបរិមាណជាតិស្ករ fructose កើនឡើងហួសប្រមាណនោះរាងកាយនឹងបំលែងវាទៅជាខ្លាញ់ទ្រីគ្លីសេរីដ។ ដូច្នេះដើម្បីជាការប្រសើរអ្នកដែលមានបញ្ហាខ្លាញ់ក្នុងឈាមខ្ពស់គួរទទួលទានផ្លែឈើត្រឹមពី ២ ទៅ ៣
ចំណិតក្នុងមួយថ្ងៃបានហើយ។
៣. ត្រីកំប៉ុង
ត្រីកំប៉ុងភាគច្រើនមានផ្ទុកជាតិខ្លាញ់ដែលមិនល្អសម្រាប់អ្នកមានបញ្ហាជាតិខ្លាញ់ក្នុងឈាមខ្ពស់ឡើយ។
៤. គ្រាប់ធញ្ញជាតិចម្រាញ់
គ្រាប់ធញ្ញជាតិធម្មតា គឺល្អសម្រាប់សុខភាពរាងកាយ ប៉ុន្តែចំពោះគ្រាប់ធញ្ញជាតិចម្រាញ់វិញច្រើនតែមានផ្ទុកជាតិខ្លាញ់មិនល្អនិងកាឡូរីខ្ពស់។
៥. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងហួសប្រមាណលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ឬ ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គឺមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូលដែលវាអាចបង្កជាជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមទាំងបញ្ហាខ្លាញ់ក្នុងឈាមឡើងខ្ពស់៕