មូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យកើតមានអាការៈហូរឈាមអញ្ចាញ គឺជំងឺរលាកអញ្ចេញធ្មេញ។ ទោះជាយ៉ាងណាអ្នកអាចព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញបានយ៉ាងងាយដោយខ្លួនឯងជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាពនៃបញ្ហាហាក់ដូចជាមិនប្រសើរឡើងសោះក្រោយពេលអនុវត្ត ចូរកុំប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈហូរឈាមអញ្ចាញ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។
២. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់។
៣. ប្រើប្រាស់កញ្ចប់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។ តែមានផ្ទុកអាស៊ីត tannic ដែលជួយបំបាត់បញ្ហាឈាមអញ្ចាញបានយ៉ាងប្រសើរ។
៤. ខ្ពុរសម្អាតមាត់ជាមួយទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយអំបិល រួចកូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកអំបិលនេះ។ អនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ អំបិលមានផ្ទុកលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគ និងប្រឆាំងការរលាកដែលជួយកាត់បន្ថយអាការៈហើមនិងហូរ
ឈាមអញ្ចាញ។
៥. ប្រើប្រាស់ទឹកខ្ពុរមាត់គ្មានជាតិអាល់កុល
ការប្រើប្រាស់ទឹកខ្ពុរមាត់ គឺជាវិធីដ៏ងាយនិងល្អបំផុតមួយដើម្បីបំបាត់បញ្ហាររលាកអញ្ចាញដែលនាំអោយអញ្ចាញហូរឈាម ព្រមទាំងកម្ចាត់ពពួកបាក់តេរីពីក្នុងមាត់ផងដែរ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសប្រើប្រាស់ទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុល៕