ជាធម្មតាក្រោយសម្រាលបុត្ររួចរូបរាងនិងក្បាលពោះរបស់អ្នកមិនស្រស់ស្អាតដូចមុនឡើយដោយអាចនឹងយារធ្លាក់។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗមួយចំនួនដែលជួយអោយស្បែក ក៏ដូចជាក្បាលពោះរបស់អ្នកតឹងណែនរាបស្មើស្រស់ស្អាតឡើងវិញយ៉ាងឆាប់រហ័ស ៖

១. ចាប់ផ្ដើមធ្វើលំហាត់ប្រាណ

ប្រសិនបើអ្នកចង់បន្តឹងក្បាលពោះដែលយារធ្លាក់ឡើងវិញឆាប់រហ័ស ចូរចាប់ផ្ដើមធ្វើលំហាត់ប្រាណភ្លាមក្រោយទទួលបានការអនុញ្ញាតពីគ្រូពេទ្យ។ អ្នកមិនចាំបាច់បង្ខំខ្លួនឯងធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយទេពេលចាប់ផ្ដើមដំបូងគ្រាន់តែហាត់យូហ្កា ឬដើរក៏បាន។ 

២. ទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់

វិធីដ៏ងាយបំផុតមួយទៀតដើម្បីបន្តឹងស្បែកឡើងវិញក្រោយសម្រាលបុត្រនោះ គឺការទទួលទានទឹកអោយបានគ្រប់គ្រាន់។ វិធីនេះមិនត្រឹមជួយរក្សាជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពនិងភាពបត់បែននៃស្បែកផងដែរ។ រាងកាយត្រូវការទឹកគ្រប់គ្រាន់ដើម្បីដុតបំផ្លាញខ្លាញ់មិនល្អបន្ថយក្បាលពោះ។

៣. ខាត់ស្បែកក្បាលពោះ

ការខាត់ស្បែកក្បាលពោះខណៈពេលងូតទឹកនឹងជួយអោយស្បែកតឹងណែនឡើងវិញឆាប់រហ័ស។ មូលហេតុនោះ គឺការខាត់ជម្រុញចរន្តឈាមហូរក្នុងរាងកាយដែលធ្វើអោយស្ថានភាពនៃស្បែកមានលក្ខណៈប្រសើរឡើង។ លើសពីនេះទៅទៀតការខាត់ស្បែកក៏ជួយកម្ចាត់កោសិកាស្បែកងាប់ៗចេញផងដែរ។

៤. ជ្រើសរើសប្រូតេអ៊ីននិងខ្លាញ់សុខភាពល្អ

តើអ្នកធ្លាប់ដឹងទេថាការទទួលទានខ្លាញ់និងប្រូតេអ៊ីនល្អៗជួយពង្រឹងសុខភាពសាច់ដុំ? ប្រតេអ៊ីនក៏មានកូឡាជែនដែលចាំបាច់សម្រាប់ស្បែកតឹងណែនគួរអោយកត់សម្គាល់។ បរិមាណនៃប្រូតេអ៊ីនដែលអ្នកគួរទទួលទានអាស្រ័យលើថាតើអ្នកបានហាត់ប្រាណ ឬធ្វើសកម្មភាពច្រើនប៉ុណ្ណាក្នុងមួយថ្ងៃ កម្ពស់ រួមទាំងទម្ងន់ផងដែរ។ ប្រូតេអ៊ីនកាន់តែចាំបាច់ថែមទៀតកំឡុងពេលបំបៅដោះ។

៥. បំបៅដោះកូន

ក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃអាហារសម្រាប់ទារកហើយនោះ ការបំបៅដោះក៏ផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះស្ត្រីជាម្ដាយផងដែរ។ នេះគឺដោយសារតែកាឡូរីក្នុងរាងកាយត្រូវបានបំលែងទៅជាទឹកដោះ។ ដំណើរការនេះអាចជួយអោយអ្នកស្រកទម្ងន់និងទទួលបានស្បែកតឹងណែនឡើងវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង