អ្នកជំងឺទឹកនោមផ្អែមជាធម្មតាមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ នេះក៏ព្រោះតែរាងកាយរបស់ពួកគេមិនអាចបង្កើត ឬប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព។ ដូច្នេះប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលអ្នកទទួលទានចៀសវាងធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ថាតើអាហារអ្វីខ្លះទៅដែលអ្នកជំងឺទឹកនោមផ្អែមគួរប្រុងប្រយ័ត្នក្នុងការទទួលទាន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឳ្យពីអាហារដែលគួរចៀសវាង ៖
១. បាយស
បាយសធ្វើឳ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឆាប់រហ័សដោយសារវាមានផ្ទុកជាតិសសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់។ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់។ ជាតិសសៃអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឳ្យមានស្ថេរភាព។
២. ដំណាំផ្លែឈើ
ទោះបីជាដំណាំផ្លែឈើមានផ្ទុកជាតិសសៃច្រើន ប៉ុន្តែដំណើរការសម្ងួតបណ្ដាលអោយជាតិស្ករធម្មជាតិនៃផ្លែឈើកាន់តែខ្ពស់។ ដូច្នេះអ្នកគួរចៀសវាង ឬទទួលទានក្នុងកម្រិតសមល្មម។ ហើយដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានផ្លែឈើស្រស់ៗជំនួសវិញ។
៣. អាហារសម្បូរជាតិខ្លាញ់
ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឳ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីនរបស់រាងកាយ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេលយូរដើម្បីរំលាយដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណានេះមិនមែនមានន័យថាអ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញ៊ាំបានក្នុងបរិមាណ ឬកម្រិតសមល្មម។
៤. គ្រឿងបន្ថែមក្នុងកាហ្វេ
អាហារដែលមានផ្ទុកជាតិស្ករបន្ថែមច្រើន គឺមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមឡើយ។ ដូច្នេះដើម្បីការប្រសើរចូរចៀសវាងបន្ថែមគ្រីម ស្ករស ទឹកស្ករ និងទឹកស៊ីរ៉ូក្នុងកាហ្វេដើម្បីទប់ស្កាត់ជាតិស្ករក្នុងឈាមមិនអោយឡើងខ្ពស់។
៥. ទឹកផ្លែឈើដប ឬកំប៉ុង
ភាគច្រើននៃភេសជ្ជៈប្រភេទនេះមានផ្ទុកជាតិស្ករដើម្បីបង្កើនរសជាតិ។ ដូច្នេះអ្នកគួរជ្រើសរើសទឹកផ្លែឈើស្រស់ៗជំនួសវិញ។
៦. អាហារកញ្ចប់
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឲ្យផុតពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឲ្យអ្នកពិបាកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាមបង្កទៅជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភ។ លើសពីនេះទៅទៀត ការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំអោយកើតមានជំងឺទឹកនោមផ្អែម៕