តើអ្នកមានអារម្មណ៍ថា ចេះតែចង់វាទៅគេងលើគ្រែវិញដែរទេដោយសារតែចេះតែងងុយគេងខ្លាំង ទោះបីជាភ្ញាក់ពីគេងម៉ោង ១០ព្រឹកហើយក៏ដោយ? មានរឿងខុសៗគ្នាច្រើនណាស់ដែលធ្វើឲ្យមានបញ្ហានេះ ហើយអ្នកនឹងបានដឹងអំពីមូលហេតុញឹកញាប់របស់វាដូចខាងក្រោម៖
គេងមិនគ្រប់
មិនខ្វល់ថា អ្នកធ្វើការពេលយប់ពេញមួយយប់ឬអត់ទេ វាពិតជាទំនងធ្វើឲ្យអ្នកងងុយគេងខ្លាំងនៅថ្ងៃបន្ទាប់ហើយ។ អ្នកនឹងងាយងងុយគេងណាស់បើសិនជាអ្នកគេងមិនបាន ៧ ទៅ ៩ម៉ោងក្នុងមួយយប់ទេ។ រឿងនេះអាចនឹងកាន់តែយ៉ាប់ទៀតបើសិនជាវាកើតឡើងជារៀងរាល់យប់។ ចំពោះដំណោះស្រាយគឺត្រូវការគេងសងវិញ។ ប៉ុន្តែវាអាចជាបញ្ហាមួយបើសិនជាអ្នកស្រ្តេស ឬថប់អារម្មណ៍ច្រើន ដែលជាហេតុគេងមិនគ្រប់គ្រាន់ ដូច្នេះគួរតែរកដំណោះស្រាយលើបញ្ហាថប់អារម្មណ៍នេះផង។
ជំងឺទាក់ទងនឹងការគេង
ទោះបីជាអ្នកចំណាយពេលគេងបាន ៧ ទៅ៩ម៉ោងក៏ដោយ វាមិនមែនមានន័យថាការគេងរបស់អ្នកសុទ្ធតែគ្រប់គ្រាន់ឡើយ។ រឿងនេះគឺជាការពិតជាពិសេសបើសិនជាអ្នកកំពុងតែមានជំងឺទាក់ទងនឹងការគេង។ ការដែលមានជំងឺនេះអាចធ្វើឲ្យអ្នកគេងមិនស្កប់ឡើយ។ ជំងឺនេះមានដូចជា ការគេងបាត់ដង្ហើម គេងគ្រឺតធ្មេញ និងខ្លាចភាពងងឹត។ បើសិនជាអ្នកដឹងថា មានជំងឺណាមួយហើយ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីព្យាបាល។
កង្វះអនាម័យនៃការគេង
អនាម័យនៃការគេងមានរឿងមួយចំនួនដែលត្រូវធ្វើជាមួយនឹងទម្លាប់ពេលគេង ដែលអាចកាត់បន្ថយយ៉ាងខ្លាំងនូវគុណភាពនៃការគេង រហូតដល់ធញវើឲ្យអ្នកចេះតែងងុយគេងទៀតនៅថ្ងៃបន្ទាប់។ ការគេងមិនទៀងទាត់ ការប្រើប្រាស់ទូរស័ព្ទ ឡេបថប់ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត ឬការគេងថ្ងៃច្រើនពេក សុទ្ធតែធ្វើឲ្យកង្វះអនាម័យនៃការគេងបានទាំងអស់។
ការឈឺចាប់ពេលមករដូវ
តើអ្នកជាស្រ្តីដែលមានរោគសញ្ញាច្រើនដែលទាក់ទងនឹងការមករដូវមែនទេ? ដូច្នេះការងងុយគេងរបស់អ្នកគឺត្រូវបន្ទោសទៅលើរឿងនេះហើយ។ ការមានចង្កោមរោគសញ្ញាមុនពេលមករដូវរយៈពេលខ្លះ វាអាចធ្វើឲ្យអ្នកគេងមិនលក់បាន។ ក្រៅពីនេះ បម្រែបម្រួលអ័រម៉ូនអាចរំខានដល់ដំណាកកាលគេងធម្មតារបស់អ្នកទៀត។ សំណាងដែរ វាមានវិធីព្យាបាលដោយខ្លួនឯងច្រើនក្នុងការគ្រប់គ្រងរឿងនេះ។
កង្វះគ្រាប់ឈាម
នៅពេលឈាមមិនផ្ទុកទៅដោយកោសិកាគ្រាប់ឈាមក្រហមដែលដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ទេ អ្នកនឹងមានជំងឺកង្វះគ្រាប់ឈាម។ វាគឺជារឿងដែលអាចធ្វើឲ្យអ្នកងងុយគេងច្រើនផងដែរ។ បេះដូងត្រូវការធ្វើការច្រើនជាងធម្មតាបើសិនជាអ្នកមានជំងឺកង្វះគ្រាប់ឈាមដើម្បីប្រាកដថា កោសិកាទាំងអស់ទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ រឿងនេះនឹងស៊ីថាមពលច្រើន ហើយអ្នកអាចនឹងមានអារម្មណ៍ល្ហិតល្ហៃទៀតទោះបីជាគេងពេលយប់ច្រើនហើយក៏ដោយ៕