ផ្លែឈើគឺជារបស់ដ៏សំខាន់មួយសម្រាប់សុខភាពមនុស្ស ព្រោះតែវាផ្ទុកទៅដោយជីវជាតិសំខាន់ៗមួយចំនួនដែលរាងកាយត្រូវការដើម្បីប្រឆាំងនឹងអាការៈជំងឺផ្សេងៗ បំបាត់បញ្ហាភ្លេចភ្លាំង ឬមហារីកជាដើម។ ផ្លែឈើដ៏ពិសេសមួយដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហារនោះគឺ ផ្លែប័រតែម្តង ព្រោះតែវាផ្ទុកទៅដោយជីវជាតិផ្តល់សុខភាពមួយចំនួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើគិតទៅ ផ្លែឈើមួយនេះគឺខុសគេត្រង់ថា វាផ្សំឡើងដោយជាតិកាបូអ៊ីដ្រាត និងផ្ទុកទៅដោយខ្លាញ់ផ្តល់សុខភាព ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងអស្ចារ្យតែម្តង។
តើអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះដែលអ្នកអាចនឹងទទួលបានពីការញ៉ាំផ្លែប័រ?
- ភាគច្រើនរាងកាយមនុស្សយើងមិនអាចទទួលបានជាតិប៉ូតាស្យូមគ្រប់គ្រាន់ឡើយ ហើយផ្លែចេកតែងតែជាជម្រើសដំបូងបំផុតសម្រាប់រឿងនេះ។ ទោះបីចាយ៉ាងណាក៏ដោយ ផ្លែប័រក៏សម្បូរជាតិប៉ូតាស្យូមច្រើនជាងផ្លែចេកផងដែរ ហើយក៏ចូលរួមបន្ថយសម្ពាធឈាមបានយ៉ាងល្អទៀតផង។
- ក្រៅពីបន្ថយសម្ពាធឈាម ផ្លែប័រក៏សំខាន់ចំពោះសុខភាពស្បែកដែរ ព្រោះតែវាមានជាតិខ្លាញ់ Monounsaturated Fats ដែលជួយបង្គ្រប់ជាតិទឹក និងជួសជុលស្បែកបានយ៉ាងល្អ។ សារធាតុខ្លាញ់មួយនេះដែរ ត្រូវបានគេស្គាល់ថាជួយកាត់បន្ថយការរលាកស្បែកបានយ៉ាងល្អ។
- ផ្លែប័រមិនត្រឹមតែបង្កើនសមត្ថភាពរាងកាយក្នុងការបឺតស្រូបអង់ទីអុកស៊ីដង់ពីអាហារទេ តែវាក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដងខ្លួនឯងច្រើនដែរ ជាពិសេស Zeaxanthin និង Lutein ដែលមានប្រយោជន៍ចំពោះសុខភាពភ្នែក។
- ក្រៅពីនេះ ផ្លែប័រនៅមានអង់ទីអុកស៊ីដង់មួយទៀតឈ្មោះថា Phtosterols ដែលមានប្រយោជន៍ក្នុងការសម្រួលដល់ការឈឺចាប់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់។
- ជាតិសរសៃដ៏ខ្ពស់របស់ផ្លែប័រមានប្រយោជន៍ណាស់ក្នុងការលាងសម្អាតប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃក៏ត្រូវបានគេដឹងថាជួយសម្រកទម្ងន់បានដែរ ព្រោះវាអាចជួយសម្រួលដល់ជាតិស្ករក្នុងឈាម មានន័យថា អ្នកនឹងមិនឃ្លានអាហារផ្អែមៗច្រើននោះទេ។
- ប្រយោជន៍មួយផ្សេងទៀតរបស់ផ្លែប័រគឺល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះតេវាផ្ទុកទៅដោយអាស៊ីតហ្វូលីក។ សារធាតុមួយនេះនឹងជួយបង្ការកូនកើតមកខូចអវៈយវៈ។
- ថ្វីបើការសិក្សាជាច្រើននិយាយថា ផ្លែប័រមានប្រសិទ្ធភាពបង្ការជំងឺមហារីកក៏ដោយ តែវាក៏ត្រូវបានគេរកឃើញទៀតថា ជួយកាត់បន្ថយផលរំខានលើអ្នកជំងឺដែលកំពុងតែប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សរុបមក ផ្លែប័រគឺជាអាហារដ៏ល្អបំផុតសម្រាប់មនុស្សយើង ជាពិសេសអ្នកដែលចង់ចាប់ផ្តើមញ៉ាំវាដើម្បីសុខភាពតែម្តង។ ជាមួយគ្នានឹងអត្ថប្រយោជន៍ចំពោះសុខភាពដែលបាននិយាយរៀបរាប់ខាងលើ អ្នកនឹងធ្វើឲ្យរាងកាយកាន់តែរឹងមាំ និងមិនងាយមានជំងឺឡើយ៕