តើអ្នកកំពុងប្រឈមមុខនឹងជំងឺខ្វះគ្រាប់ឈាមក្រហម ហើយត្រូវបានវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាអោយទទួលទានថ្នាំគ្រាប់ជាតិដែកមែនទេ? ជាតិដែក គឺចាំបាច់បំផុតក្នុងការបង្កើតអេម៉ូក្លូប៊ីនដែលជាដ៏សំខាន់នៃកោសិកាគ្រាប់ឈាមក្រហមនីមួយៗដើម្បីដឹកនាំអុកស៊ីសែនចិញ្ចឹមពេញរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកមិនគួរទទួលទានក៏ព្រោះវាអាចរារាំងដល់ការស្រូបយកជាតិដែកបានត្រឹមត្រូវពីអាហារ និងសូម្បីតែថ្នាំគ្រាប់ជាតិដែក ៖
១. ផលិតផលអាហារធ្វើឡើងពីស្រូវសាឡី
នោះក៏ព្រោះតែអាហារធ្វើឡើងពីស្រូវសាឡីមានផ្ទុកសារធាតុ gluten ដែលអាចបង្កផលប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃពោះវៀននិងទប់ស្កាត់ការស្រូបយកជាតិដែកបានត្រឹមត្រូវរបស់រាងកាយ។
២. តែបៃតងនិងតែខ្មៅ
ដោយសារតែ “តែបៃតង”និង”តែខ្មៅ” មានផ្ទុកសារធាតុ tannins ដែលមិនល្អសោះឡើយអ្នកជំងឺខ្វះគ្រាប់ឈាមក្រហម។ សារធាតុ tannins អាចទប់ស្កាត់ ឬរាំងស្ទះរាងកាយពីការស្រូបយកជាតិដែកបានត្រឹមត្រូវ។
៣. កាហ្វេ
កាហ្វេមានផ្ទុកសារធាតុ tannins ដែលទប់ស្កាត់ការស្រូបយកជាតិដែកដោយរាងកាយបានត្រឹមត្រូវពីអាហារផ្សេងៗ។ ទោះជាយ៉ាងណាអ្នកនៅតែអាចទទួលទានភេសជ្ជៈនេះបាន ប៉ុន្តែត្រូវប្រាកដថាទទួលទានយ៉ាងហោចណាស់ ១ ម៉ោងមុន ឬក្រោយអាហារ។
៤. ទំពាំងបាយជូរ
នោះក៏ព្រោះតែផ្លែទំពាំងបាយជូរមានផ្ទុកសារធាតុ tannins។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរសិនខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក។
៥. គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ
ថ្វីត្បិតតែគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃជាតិដែកក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ phytates ដែលអាចរាំងស្ទះដល់ការស្រូបយកជាតិដែកនៃរាងកាយគួរអោយកត់សម្គាល់។ ដូច្នេះខណៈពេលព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកគួរបញ្ឈប់ការទទួលទានអាហារសម្រន់ប្រភេទនេះសិន។
៦. អាហារមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម
នោះក៏ព្រោះតែជាតិកាល់ស្យូមអាចទប់ស្កាត់ការស្រូបយកជាតិដែករបស់រាងកាយមិនអោយកើតឡើង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកឈប់ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែកតែម្ដងឡើយ ប៉ុន្តែគ្រាន់តែទទួលទាននៅពេលខុសគ្នាជាមួយអាហារជាតិដែក ក៏ដូចជាថ្នាំគ្រាប់ជាតិដែក៕