យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការលើសសម្ពាធឈាម អាចធ្វើឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែតើអ្នកមានដឹងថា ការកង្វះសម្ពាធឈាម ក៏អាចធ្វើឲ្យមានផលវិបាកដូចគ្នាដែរទេ? មិនខ្វល់ថាសម្ពាធឈាមអ្នកខ្វះ ឬលើសទេ វាសុទ្ធតែមានគ្រោះថ្នាក់ដូចគ្នា។
ការកង្វះសម្ពាធឈាមគឺសម្ពាធឈាមទាបជាង ៩០/៦០ mmHg ខណៈពេលដែលសម្ពាធឈាមធម្មតាគឺនៅចន្លោះពី ១២០/៨០ ទៅ ៩០/៦០ mmHg។ បើសិនជាអ្នកកំពុងតែមានបញ្ហាខ្វះសម្ពាធឈាម អ្នកទំនងជាងាយនឹងមានអារម្មណ៍វិលមុខ ឬធីងធោង ឬចង់សន្លប់ណាស់។ អ្នកជំនាញនិយាយថា ការដែលមានសម្ពាធឈាមខ្សោយអាចធ្វើឲ្យខួរក្បាលទទួលអុកស៊ីសែនផ្គត់ផ្គង់មិនគ្រប់ ជាពិសេសនៅពេលក្រោកឈរ។ រោគសញ្ញាផ្សេងៗទៀតនៃការកង្វះសម្ពាធឈាមគឺ ព្រឹលភ្នែក ឈឺទ្រូង ចង្អោ និងស្រេកទឹក។
ខាងក្រោមនេះគឺជាកត្តាប្រឈមមុខមួយចំនួននៃការកង្វះសម្ពាធឈាម៖
របៀបរស់នៅបែបស៊ីដេកៗ
តើអ្នកត្រូវចំណាយពេលភាគច្រើនលើការគេងលើគ្រែ ឬអង្គុយលើសាឡុងទេ? ដូច្នេះវានឹងទំនងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះទាបជាងធម្មតាហើយដោយសារតែកង្វះសកម្មភាពរាងកាយ។ យ៉ាងណាមិញ របៀបរស់នៅបែបស៊ីដេកៗប្រហែលជាធ្វើឲ្យលើសសម្ពាធឈាមច្រើនជាងកង្វះសម្ពាធឈាម។
ប៉ះពាល់នឹងភាពក្តៅច្រើនពេក
រាងកាយនឹងព្យាបាមធ្វើរឿងគ្រប់យ៉ាងដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនឲ្យនៅធម្មតា។ នៅពេលអ្នកប៉ះពាល់នឹងភាពក្តៅច្រើនពេក សរសៃឈាមនឹងរីកធំដើម្បីបញ្ចេញកម្តៅពីក្នុងខ្លួន។ ជាអកុសល្យ ការរីកធំរបស់សរសៃឈាមអាចធ្វើឲ្យសម្ពាធឈាមចុះទាបបាន។ មួយវិញទៀត ការដែលប៉ះពាល់នឹងភាពក្តៅ វានឹងធ្វើឲ្យបែកញើស ដែលរឿងនេះក៏នាំឲ្យខ្សោយសម្ពាធឈាមផងដែរ។
ការខ្សោះជាតិទឹក
មានហេតុផលច្រើនណាស់ដែលយើងត្រូវការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ហើយមួយក្នុងចំណោមនោះគឺដើម្បីរក្សាចំណុះឈាមធម្មតាវិញ។ ជាមួយនឹងចំណុះឈាមធម្មតា សម្ពាធឈាមនឹងស្ថិតក្នុងសភាពធម្មតាដែរ។ បើសិនជាអ្នកខ្សោះជាតិទឹកដោយសារតែមិនបានញ៉ាំទឹកច្រើន ឬដោយសារបែកញើស ចំណុះឈាមនឹងធ្លាក់ចុះ ហើយនេះគឺជាហេតុផលដែលធ្វើឲ្យសម្ពាធឈាមចុះផងដែរ។ ចូរប្រាកដថា អ្នកញ៉ាំទឹកបានប្រហែល ២លីត្រក្នុងមួយថ្ងៃ (ឬច្រើនជាងនេះបើសិនជាបែកញើសច្រើន) ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន៕
ញ៉ាំគ្រឿងស្រវឹងច្រើនពេក
ការញ៉ាំគ្រឿងស្រវឹងច្រើនអាចបង្កើនសម្ពាធឈាមផង និងចង្វាក់បេះដូងផង។ ប៉ុន្តែនៅពេលដែលឥទ្ធិពលរបស់គ្រឿងស្រវឹងកើនឡើង សម្ពាធឈាមដែលធ្លាប់តែឡើងខ្ពស់ វានឹងចុះមកទាបវិញភ្លាមៗតែម្តង។ នេះដោយសារតែការខ្សោះជាតិទឹករបស់គ្រឿងស្រវឹង។ ព្រោះថា វាមានមុខងារបញ្ចុះទឹកនោម ដែលអាចបណ្តាលឲ្យខ្សោះជាតិទឹក ជាពិសេសបើសិនជាអ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់ទៀត។
ជំងឺបេះដូង
ការលើសសម្ពាធឈាមច្រើនតែជាប់ទាក់ទងនឹងជំងឺបេះដូង។ តើអ្នកមានដឹងទេថា ការកង្វះសម្ពាធឈាមក៏ជារឿងដែលជាប់ទាក់ទងនឹងជំងឺបេះដូងដែរទេ? ហេតុដូច្នេះហើយ យកល្អគួរតែទៅជួបគ្រូពេទ្យទៅបើសិណជាអ្នកដឹងថា សម្ពាធឈាមអ្នកតែងតែចុះទាប។ ជាមួយនឹងជំងឺបេះដូង សាច់ដុំបេះដូងអាចនឹងចុះខ្សោយ ដែលជាហេតុធ្វើឲ្យបេះដូងច្របាច់ឈាមមិនបានគ្រប់គ្រាន់ទៅចិញ្ចឹមសរីរាង្គក្នុងរាងកាយឡើយ៕