វីតាមីន C គឺចាំបាច់ណាស់ដើម្បីរក្សាសុខភាពរាងកាយល្អប្រសើរនិងដំណើរការមុខងារបានត្រឹមត្រូវ។ រាងកាយត្រូវការបរិមាណវីតាមីន C គ្រប់គ្រាន់រាល់ថ្ងៃក៏ព្រោះមិនដូចវីតាមីនដទៃទៀតទេ វីតាមីន C មិនស្ថិតនៅក្នុងប្រព័ន្ធរាងកាយបានយូរឡើយ។ ទោះជាយ៉ាងណាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយដោយគ្រាន់តែបន្ថែមអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែថាតើធ្វើយ៉ាងណាទើបដឹងថារាងកាយខ្វះវីតាមីន C? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលរាងកាយខ្វះវីតាមីន C ៖
១. ហើមនិងឈាមអញ្ចាញធ្មេញ
វីតាមីន C គឺសំខាន់ណាស់សម្រាប់សុខភាពអញ្ចាញធ្មេញ។ ប្រសិនបើរាងកាយខ្វះវីតាមីន C ជាប្រចាំនោះអ្នកងាយនឹងប្រឈមមុខជាមួយបញ្ហារាក់ស៊ីធ្មេញបំផុត។ ចូរសាកល្បងព្យាយាមទទួលទានវីតាមីន C បន្ថែម ប្រសិនបើឧស្សាហ៍ហើមនិងឈាមអញ្ចាញទោះបីជាបានថែរក្សាសុខភាពមាត់ធ្មេញត្រឹមត្រូវជាប្រចាំហើយ។
២. ស្បែកងាយជាំខៀវ ហើយរបួសយូរជាសះស្បើយ
ប្រសិនបើអាការៈនេះលេចឡើងអ្នកគួរព្យាយាមបន្ថែមបន្លែនិងផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ចូលក្នុងរបបអាហារហើយ។ នោះក៏ព្រោះតែរាងកាយត្រូវការវីតាមីន C ដើម្បីផលិតកូឡាជែន។ ស្បែកស្រអាប់និងស្ងួតក៏អាចបណ្ដាលមកពីកង្វះវីតាមីននេះផងដែរ។
៣. សក់បែកចុង ផុយស្រួយ និងឆាប់ជ្រុះ
រាងកាយក៏ប្រហែលជាកំពុងជួបប្រទះបញ្ហាខ្វះវីតាមីន C ដែរហើយប្រសិនបើសក់ប្រែជាបែកចុង ផុយស្រួល ហើយងាយនឹងជ្រុះ។ ដូច្នេះមុននឹងខ្ជះខ្ជាយប្រាក់លើផលិតផលថែរក្សាសក់ ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C សិន។
៤. ឧស្សាហ៍ឈឺសន្លាក់
ឈឺសន្លាក់ គឺជាអាការៈទូទៅបំផុតមួយនៃកង្វះវីតាមីន C ក្នុងរាងកាយ។ នោះក៏ព្រោះតែវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ហើយកង្វះវីតាមីននេះអាចបង្កការរលាកដែលនាំឱ្យឈឺសន្លាក់។
៥. ងាយផ្ដាសាយ ឬគ្រុនផ្ដាសាយ
ប្រសិនបើអ្នកផ្ដាសាយញឹកញាប់នោះមានន័យថាប្រព័ន្ធភាពស៊ាំរាងកាយកំពុងចុះខ្សោយហើយ។ វីតាមីន C រំញោចការផលិតកោសិកាឈាមសដែលប្រយុទ្ធប្រឆាំងជំងឺឆ្លង។ ប្រសិនបើអ្នកឧស្សាហ៍ផ្ដាសាយ ឬងាយឆ្លងជំងឺ ចូរបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។
៦. ឧស្សាហ៍ហូរឈាមច្រមុះ
ការហូរឈាមច្រមុះមិនតែងតែគ្រោះថ្នាក់ដល់សុខភាពទាំងមូលឡើយ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាបែបនេះវាអាចជារោគសញ្ញានៃកង្វះវីតាមីន C ក្នុងរាងកាយហើយ។ ច្រមុះគឺពោរពេញទៅដោយសសៃឈាមតូចឆ្មារ ហើយវីតាមីន C គឺចាំបាច់ដើម្បីរក្សាសុខភាពសសៃឈាមទាំងនេះឱ្យរឹងមាំ
ចៀសផុតបញ្ហាឈាមច្រមុះ៕