ទោះជាបីជាអ្នកគេងបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៩ ម៉ោងហើយក៏ដោយ ក៏របៀបដែលអ្នកគេងអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ថាឈឺខ្លួនប្រាណនៅពេលព្រឹកបានយ៉ាងងាយ។ ដូច្នេះថាតើទីតាំងនៃការគេងបែបណាទៅដែលអ្នកគួរសាកល្បង ដើម្បីបញ្ចៀសបញ្ហានៃការឈឺចាប់នេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទីតាំងនៃការគេងដ៏ល្អបំផុតដែលអ្នកគួរសាកល្បងអនុវត្តន៍ ៖
១. គេងផ្ងារ
ការគេងផ្ងារ គឺផ្ដល់ភាពងាយស្រួលចំពោះក្បាល ឆ្នឹងខ្នង និង ក ឱ្យស្ថិតក្នុងទីតាំងមួយដែលគ្មានអ្វីសង្កត់ ឬដាក់សម្ពាធ។ ទីតាំងនៃការគេងបែបនេះល្អបំផុតចំពោះអ្នកដែលមានបញ្ហាច្រាលអាស៊ីតក្រពះ ប៉ុន្តែត្រូវប្រាកដថារាងកាយផ្នែកខាងលើ ឬទ្រក្បាលឱ្យខ្ពស់បន្តិចដើម្បីចៀសផុតបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ទោះជាយ៉ាងណាក៏ដោយការគេងផ្ងារ គឺមិនត្រូវបានណែនាំចំពោះអ្នកដែលគេងស្រមុកឡើយ ក៏ព្រោះទីតាំងនេះអាចបណ្ដាលឱ្យអណ្ដាតធ្លាក់ចុះហើយរារាំងដល់ការដកដង្ហើម។
២. គេងផ្អៀង
ទីតាំងនៃការគេងដ៏ល្អបំផុតមួយទៀតនោះ គឺការគេងផ្អៀងទៅម្ខាង។ មិនថាអ្នកគេងផ្អៀងទៅខាងស្ដាំ ឬឆ្វេងនោះទេ ការគេងរបៀបនេះនឹងជួយកាត់បន្ថយការឈឺចាប់ត្រង់ខ្នង និង ក ក៏ដូចជាការស្រមុកផងដែរ។ ការគេងផ្អៀង ឬបែរទៅម្ខាង គឺប្រសើរណាស់ដើម្បីថែរក្សាសុខភាពរាងកាយទាំងមូល ចាប់តាំងពីឆ្អឹងខ្នងស្ថិតក្នុងសភាពត្រង់សន្ធឹង។ ប្រសិនបើអ្នកមានជំងឺ GERD ឬជំងឺអាស៊ីតច្រាលគួរគេងបែរទៅខាងឆ្វេង៕