Join with Health.com.kh on Telegram

ខ្នុរជាផ្លែឈើហូបផ្លែមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ខ្នុរអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែខ្នុរក្នុងកម្រិតមធ្យម ៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំ

ផ្លែខ្នុរ ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន B និង C ដែលជួយក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំមានលក្ខណៈប្រសើរឡើង។ ដូច្នេះវាកាត់បន្ថយហានិភ័យនៃមេរោគឆ្លងទូទៅ។

២. សុខភាពឆ្អឹង

ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលជួយពង្រឹង និងលើកកម្ពស់សុខភាពឆ្អឹងល្អរឹងមាំទប់ស្កាត់បញ្ហាឆ្អឹងផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយបង្កើនដង់ស៊ីតេឆ្អឹង និងកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូមតាមរយៈតម្រងនោមផងដែរ។

៣. សម្រួលដល់ការរំលាយអាហារ

នោះក៏ព្រោះតែផ្លែខ្នុរមានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary fiber ដែលជួយសម្រួលការរំលាយអាហារនិងទប់ស្កាត់អាការៈទល់លាមក។

៤. បង្កើនថាមពលរាងកាយតាមបែបធម្មជាតិ

ផ្លែខ្នុរមានផ្ទុកនូវជាតិស្ករធម្មជាតិ fructose និង sucrose ដែលផ្ដល់នូវអ្នកនូវថាមពលបន្ថែមភ្លាមៗ។

៥. ទប់ស្កាត់ជំងឺបេះដូង

នោះក៏ព្រោះតែផ្លែខ្នុរជាប្រភពដ៏ប្រសើរនៃវីតាមីន  B6 ដែលមានប្រសិទ្ធិភាពកាត់បន្ថយកម្រិត homocystei ក្នុងឈាម។ Homocystein ជាសារធាតុដែលបង្កបញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង។

៦. បញ្ចុះសម្ពាធឈាម

ខ្នុរ ក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ហើយការរក្សាបាននូវសម្ពាធឈាមប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺបេះដូងដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺលើសសម្ពាធឈាម។

៧. ទប់ស្កាត់ជំងឺមហារីក

ខ្នុរ ជាប្រភពដ៏ប្រសើរនៃសារធាតុ phyto-nutrients ដែលមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកតាមរយៈការកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺចេញពីរាងកាយ។

៨. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

ផ្លែខ្នុរមានផ្ទុកសម្បូរទៅដោយសារធាតុ folate និងជាតិដែកដែលចាំបាច់ក្នុងការរក្សាបាននូវកម្រិតអេម៉ូក្លូប៊ីន ហើយទប់ស្កាត់បញ្ហានៃជំងឺស្លេកស្លាំងដោយកង្វះជាតិដែក ឬជំងឺខ្វះគ្រាប់ឈាមក្រហម៕