Join with Health.com.kh on Telegram

មិនថាអ្នកមានជំងឺទឹកនោមផ្អែម​ ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះនោះទេ ការរក្សាបាននូវកម្រិតជាតិស្ករត្រឹមត្រូវក្នុងឈាមគឺចាំបាច់បំផុត។ ហើយក្រៅពីទទួលទានជាតិស្ករច្រើនក៏នៅមានសកម្មភាពមួយចំនួនទៀតដែលជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលគួរចៀសវាងដើម្បីទប់ស្កាត់បញ្ហាជាតិស្ករកើនឡើងខ្ពស់ ៖

១. ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ភាពតានតឹងក្នុងអារម្មណ៍ខ្លាំងពេកក៏ជាអ្វីដែលបង្កបញ្ហាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ផងដែរ។ នោះក៏ព្រោះតែភាពស្ត្រេសបង្កើនចំណង់អាហារដែលធ្វើឱ្យអ្នកឃ្លានផ្អែម។

២. គេងមិនគ្រប់

ការគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់គឺល្អណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងកម្រិតនៃជាតិស្ករក្នុងឈាម។ នោះក៏ព្រោះតែការគេងមិនគ្រប់ជះឥទ្ធិពលដល់រាងកាយក្នុងការប្រើប្រាស់បំលែងជាតិស្ករ ហើយលទ្ធផលចុងក្រោយជាតិស្ករដែលលើសនឹងត្រូវប្រមូលផ្ដុំក្នុងឈាម។

៣. ជាតិផ្អែមសិប្បនិម្មិត

ប្រសិនបើអ្នកគិតថាការចៀសវាងទទួលទានស្ករធម្មតាជំនួសដោយជាតិផ្អែមសិប្បនិម្មិតវិញគឺមិនប៉ះពាល់ដល់ជាតិស្ករក្នុងឈាម ចូរគិតម្ដងទៀត។ តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។

៤. កង្វះជាតិទឹកក្នុងរាងកាយ

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាកង្វះជាតិទឹកក្នុងរាងកាយក៏ជាកត្តាចម្បងមួយនៃបញ្ហាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។ ដូច្នេះប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះចូរព្យាយាមទទួលទានទឹកឱ្យបានប្រហែល ២ លីត្រក្នុងមួយថ្ងៃ។

៥. កង្វះលំហាត់ប្រាណ

ការមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ថាតើអ្នកធ្លាប់ដឹងទេថាការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ ថ្ងៃជាប់គ្នាឡើយ៕