ភាគច្រើននៃពួកយើងកំពុងស្ថិតក្នុងស្ថានភាពដ៏មមាញឹកមួយក្នុងជីវិតដែលតែងធ្វើឱ្យមានអារម្មណ៍ហត់និងស្ត្រេសខ្លាំង។ ហើយក៏ព្រោះតែកត្តាទាំងនេះជាមូលហេតុនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភនោះយើងមិនគួរបណ្ដែតបណ្ដោយឡើយ។ ប៉ុន្តែកុំបារម្ភ! ការប្រកាន់ខ្ជាប់នូវទម្លាប់មួយចំនួននឹងជួយរក្សាសុខភាពល្អប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលគួរធ្វើជាប្រចាំ ៖

១. ទទួលទានទឹកមុនពេលញុាំអាហារ

ក្រៅពីល្អសម្រាប់សុខភាពស្បែកនិងជួយក្នុងការសម្រកទម្ងន់ហើយនោះ ការទទួលទានទឹកខណៈពេលនេះក៏ជួយជម្រុញមុខងារត្រឹមត្រូវនៃកោសិកាដែលធ្វើឲ្យការរំលាយអាហារកាន់តែមានភាពប្រសើរឡើងផងដែរ។

២. ធ្វើលំហាត់ប្រាណ

ធ្លាប់ដឹងទេថាការហាត់ប្រាណមិនមែនចាំបាច់តែសម្រាប់អ្នកចង់ស្រកទម្ងន់ឡើយ? ក៏ព្រោះជាក់ស្ដែងការហាត់ប្រាណ គឺសំខាន់សម្រាប់គ្រប់គ្នាដែលចង់រក្សាបាននូវសុខភាពល្អរឹងមាំ។ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាជំងឺផ្សេងៗ និងបន្សាបជាតិពុលផងដែរ។  ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១ ម៉ោងក្នុងមួយថ្ងៃ។

៣. ទទួលទានអាហារសុខភាព

ការប្រកាន់ខ្ជាប់របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយរឹងមាំទប់ស្កាត់ជំងឺ។ ដូច្នេះចូរព្យាយាមចាប់ផ្ដើមរៀបចំទទួលទានអាហារសុខភាពល្អយ៉ាងហោចណាស់បាន ១ ដងក្នុងមួយថ្ងៃ។

៤. ធ្វើសមាធិ

ភាគច្រើននៃពួកយើងមានអារម្មណ៍ថាហត់ខ្លាំងក៏ព្រោះតែចិត្តចេះតែគិត។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០​ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។

៥. ដើរ

ការដើរ គឺជាលំហាត់ប្រាណដ៏ល្អនិងងាយស្រួលបំផុតមួយដើម្បីរក្សាបាននូវសុខភាពរឹងមាំជៀសផុតពីជំងឺសាហាវៗ។ ដូច្នេះអ្នកគួរដើរជាប្រចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ៣០​​​ នាទីក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង