អ្នកជំនាញនិយាយថា បើសិនជាអ្នកចង់រស់នៅប្រកបដោយសុខភាពល្អ អ្នកគួរតែញ៉ាំបន្លែជារៀងរាល់ថ្ងៃ អាចជាបីទៅប្រាំពេលក្នុងមួយថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បន្លែគឺជាអាហារដ៏អស្ចារ្យមួយប្រភេទដែលវាអាចជួយ៖
- បន្ថយសម្ពាធឈាម
- បន្ថយកូឡេស្តេរ៉ុលអាក្រក់
- បំបាត់ជំងឺបេះដូង
- បញ្ចុះជាតិស្ករក្នុងឈាម
- បង្ការជំងឺទឹកនោមផ្អែមប្រភេទទី២
ពិតណាស់ដោយសារតែបន្លែមានប្រយោជន៍ចំពោះសុខភាពខ្លាំង ដូច្នេះហេតុអ្វីត្រូវញ៉ាំត្រឹមតែ ៥ពេលក្នុងមួយថ្ងៃអ៊ីចឹង? ម៉េចមិនញ៉ាំរហូតដល់ ១០ ទៅ ២០ដងអីទៅ? យ៉ាងណាមិញ ការញ៉ាំបន្លែច្រើនជាងតម្រូវការ អាចបង្កជាផលប៉ះពាល់ដល់សុខភាពវិញបានដូចជា៖
ការទល់លាមក
គ្រប់គ្នាដឹងហើយថា របបអាហារមានបន្លែច្រើនអាចជួយដល់ការទល់លាមក។ ប៉ុន្តែការញ៉ាំបន្លែច្រើនពេកអាចនាំឲ្យទល់លាមកវិញដែរ។ ជាតិសរសៃច្រើនពេកក៏អាចធ្វើឲ្យលាមករឹង និងធំៗ ហើយក៏ពិបាកនឹងបញ្ចេញចោលថែមទៀត។
ឈឺក្រពះ
មានហេតុផលពីរយ៉ាងដែលនាំឲ្យការញ៉ាំបន្លែច្រើនធ្វើឲ្យឈឺក្រពះ។ ទី១ ក្រពះនឹងរក្សាការរំលាយជាតិសរសៃច្រើនៗរហូតទោះបិជាមិនអាចធ្វើបានក៏ដោយ ដែលជាហេតុនាំឲ្យក្រពះធ្វើទុក្ខ។ ទី២ បន្លែច្រើនធ្វើឲ្យផលិតខ្យល់ក្នុងពោះវៀនកាន់តែច្រើន ដែលនាំឲ្យហើមពោះ ឈឺពោះ តឹងពោះ ចង្អោ និងក្រហាយដើមទ្រូងជាដើម។
កង្វះអាហារូបត្ថម្ភ
ជាតិសរសៃមានពីរប្រភេទ ដូចជា សរសៃរលាយ និងមិនរលាយ។ ជាតិសរសៃរលាយ នឹងរលាយក្នុងទឹក ដែលមានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ ប៉ុន្តែបើវាមានច្រើនពេក អាចធ្វើឲ្យរាងកាយមិនអាចបឺតស្រូបជីវជាតិសំខាន់ៗបានគ្រប់គ្រាន់វិញ ជាពិសេកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់។
ខ្សោយ
វាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងនឿយហត់បានបើសិនជាចេះតែញ៉ាំបន្លែច្រើនៗពេក។ ការដែលញ៉ាំបន្លែច្រើនអាចធ្វើឲ្យក្រពះធ្ងន់ ហើយក៏មិនអាចសល់កន្លែងសម្រាប់ដាក់អាហារផ្សេងចូលទៀត ដើម្បីបង្កើតជាថាមពលបានគ្រប់គ្រាន់ដែរ។
អារម្មណ៍មិនល្អ
ការញ៉ាំបន្លែច្រើនអាចធ្វើឲ្យអ្នកមិនអាចញ៉ាំអាហារផ្សេង ឬទទួលបានជីវជាតិគ្រប់គ្រាន់ ដូច្នេះវាពិតជាងាយនឹងបង្កជាបញ្ហាអារម្មណ៍មិនល្អណាស់ ដោយសារតែអតុល្យភាពអ័រម៉ូន។ មួយវិញទៀត វាអាចដោយសារតែអ្នកមិនទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ពីរបបអាហារដើម្បីបង្កើតជាសាច់ដុំតែម្តង ហើយប្រូតេអ៊ីនក៏សំខាន់ក្នុងការបង្កើតអ័រម៉ូនផងដែរ។
កង្វះវីតាមីន D
ការបន្ថែមបន្លែច្រើនៗទៅក្នុងរបបអាហារ ក៏អាចធ្វើឲ្យរាងកាយមិនទទួលបានវីតាមីន D តាមតម្រូវការដែរ។ វីតាមីននេះសំខាន់ដែរក្នុងការជួយធ្វើឲ្យមានអារម្មណ៍ល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ ការកង្វះវីតាមីន D អាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺពុកឆ្អឹងថែមទៀត៕