ភាគច្រើននៃពួកយើងយល់ស្របថាវាពិបាកណាស់ក្នុងការទ្រាំមិនទទួលទានអាហារនៅពេលកំពុងឃ្លាន ជាពិសេសនៅពេលយប់។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ជួបប្រទះបញ្ហារំខានដល់ការគេងនោះការយកចិត្តទុកដាក់លើប្រភេទនៃអាហារមុនពេលទទួលទាន គឺសំខាន់ណាស់។ ប៉ុន្តែថាតើអាហារសម្រន់អ្វីខ្លះទៅដែលអ្នកមិនគួរទទួលទាននៅមុនពេលចូលគេង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ រួមទាំងភេសជ្ជៈមួយចំនួនដែលអ្នកគួរចៀសវាង ៖

១. អាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន

លើកលែងតែគ្មានជាតិកាហ្វេអ៊ីន! ប្រសិនបើអ្នកទទួលទានកាហ្វេនៅមុនពេលចូលគេងនោះអ្នកអាចនឹងជួបប្រទះបញ្ហាគេងមិនលក់ជាមិនខាន។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេរំញោចដល់ភាពសកម្មនៃខួរក្បាលដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ស្វាងមិនងងុយគេង។ 

២. អាហារសម្បូរខ្លាញ់

ជាធម្មតានៅពេលយប់អ្នកមិនគួរបណ្ដោយ ឬដាក់បន្ទុកឱ្យក្រពះប្រឹងធ្វើការពេកនោះទេ ប្រសិនបើចង់គេងលក់បានស្រួលហើយស្កប់។ ការទទួលទានអាហារសម្បូរខ្លាញ់ជះឥទ្ធិពលគួរ​ឱ្យបារម្ភចំពោះប្រព័ន្ធរំលាយអាហារ។

៣. សណ្ដែក

បើទោះជាសណ្ដែកមានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែដែលល្អចំពោះសុខភាពរាងកាយ ប៉ុន្តែអ្នកមិនគួរទទួលទានវានៅពេលយប់ឡើយប្រសិនបើចង់ឆា​​​ប់គេងលក់។ នោះក៏ព្រោះតែសណ្ដែកមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយដែលអាចបង្កបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រពះនៅពេលយប់។

៤. អាហារហឹរ

នោះក៏ព្រោះតែអាហារហឹរជាកត្តាចម្បងបំផុតមួយនៃបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះដែលជះឥទ្ធិពលដល់ការគេង។

៥. សូកូឡា

ការទទួលទានសូកូឡានៅពេលយប់គឺមិនល្អសោះឡើយចំពោះការគេង។ នោះក៏ព្រោះតែសូកូឡាមានផ្ទុកទាំងជាតិកាហ្វេអ៊ីននិងសារធាតុ theobromine ដែលផ្ដល់ការរំញោចដល់ខួរក្បាលធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងមិនងងុយ។

៦. សាច់ក្រហម

ការទទួលទានសាច់ក្រហមច្រើនអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ងុយគេង។ ប្រសិនបើអ្នកគិតថាបែបនេះ គឺជារឿងល្អនោះ ចូរគិតម្ដងទៀត! ក៏ដូចនឹងការទទួលទានគ្រឿងស្រវឹងពេលយប់ដូច្នោះដែរ ការទទួលទានសាច់ក្រហមមុនពេលចូលគេងអាចធ្វើឲ្យអ្នកគេងលក់មិនស្ងប់ ដោយសារប្រព័ន្ធរំលាយអាហារត្រូវប្រឹងធ្វើការបំបែកសាច់ក្រហមដែលអ្នកបានទទួលទាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង