Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃល្អសម្រាប់បំបាត់ ក៏ដូចជាទប់ស្កាត់អាការៈទល់លាមក ប៉ុន្តែថាតើអាហារប្រភេទណាវិញទៅដែលអាចបង្កឱ្យបញ្ហានេះកើតឡើង? ថ្ងៃនេះវេបសាយសុខភាព​ Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងប្រសិនបើចង់ចៀសផុតបញ្ហាទល់លាមក ៖

១. ចេកខ្ចី

ធ្លាប់ដឹងទេថាការទទួលទានចេកខ្ចីច្រើនអាចបង្កបញ្ហាទល់លាមក? នោះក៏ព្រោះតែចេកខ្ចីមានផ្ទុកជាតិម្ស៉ៅដែលរាងកាយពិបាករំលាយ រួមទាំងសារធាតុ tannins ដែលពន្យឺតចលនានៃអាហារឆ្លងកាត់ប្រព័ន្ធរំលាយអាហារផងដែរ។

២. ទឹកដោះគោ

ការទទួលទានទឹកដោះគោច្រើនពេកក៏អាចបង្កបញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែទឹកដោះគោ ពិសេសផលិតផលអាហារដែលផ្សំឡើងពីទឹកដោះគោដូចជា ឈីស បឺរទឹកដោះគោ និងការ៉ែម មានផ្ទុកប្រូតេអ៊ីនមួយចំនួនដែលរាងកាយពិបាករំលាយ។

៣. គ្រាប់ធញ្ញជាតិកែច្នៃ

ធម្មតាគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃ ប៉ុន្តែចំពោះគ្រាប់ធញ្ញជាតិដែលចម្រាញ់ហើយ ឬកែច្នៃគ្មានផ្ទុកជាតិសសៃឡើយ។ ការទទួលទានគ្រាប់ធញ្ញជាតិចម្រាញ់គ្មានផ្ដល់អ្វីដល់រាងកាយក្រៅពីជាតិកាឡូរីឡើយ។ ដូច្នេះហើយទើបការទទួលទានគ្រាប់ធញ្ញជាតិចម្រាញ់អាចបង្កបញ្ហាទល់លាមក។

៤. អាហារបែប Fast Food

គ្មានអ្វីធ្វើឱ្យអ្នកទល់លាមកបានលឿនជាងអាហារបែប fast food ឡើយ។ នោះក៏ព្រោះតែអាហារប្រភេទនេះមានផ្ទុកជាតិសសៃទាប ប៉ុន្តែជាតិខ្លាញ់ខ្ពស់មិនល្អចំពោះសុខភាព។

៥. កាហ្វេនិងគ្រឿងស្រវឹង

ចូលចិត្តទទួលទានកាហ្វេនិងគ្រឿងស្រវឹងច្រើនមែនទេ? បើមែនកុំឆ្ងល់ថាតើហេតុអ្វីឧស្សាហ៍ទល់លាមក! កាហ្វេនិងគ្រឿងស្រវឹងមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលធ្វើឱ្យរាងកាយខ្វះជាតិទឹកហើយប្រឈមមុខនឹងបញ្ហាទល់លាមក៕