ការគ្រុនញ៉ាក់គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់ជាមួយគ្នានឹងការក្តៅខ្លួន។ ប៉ុន្តវាក៏អាចកើតឡើងដោយខ្លួនឯងដែរដោយមិនមានភាពក្តៅខ្លួនឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីមូលហេតុញឹកញ៉ាប់មួយចំនួនដែលនាំឲ្យមានបញ្ហាគ្រុនញ៉ាក់ដោយមិនមានភាពក្តៅខ្លួន។
ប៉ះពាល់នឹងសីតុណ្ហភាពត្រជាក់
នេះគឺជាមូលហេតុញឹកញ៉ាប់បំផុតមួយដែលនាំឲ្យទៅជាគ្រុនញ៉ាក់ដោយគ្មានក្តៅខ្លួន។ ជាធម្មតា អ្នកនឹងមានអាការៈញ៉ាក់ខ្លួនបើសិនជាមិនបានស្លៀកពាក់គ្រប់គ្រាន់សម្រាប់រដូវត្រជាក់នេះ ព្រោះរាងកាយត្រូវការបង្កើនកម្តៅក្នុងខ្លួន តាមរយៈការកន្ត្រាក់ និងបន្ធូរសាច់ដុំឲ្យបានលឿន។
នឿយហត់ផ្លូវកាយធ្ងន់ធ្ងរ
អ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ភាពនឿយហត់ខាងរាងកាយធ្ងន់ធ្ងរអាចធ្វើឲ្យផ្លាស់ប្តូរសីតុណ្ហភាពរាងកាយខាងក្នុងខ្លួនបាន។ យ៉ាងណាមិញ គ្រុនញ៉ាក់ដែលកើតឡើងដោយភាពនឿយហត់ខាងរាងកាយធ្ងន់ធ្ងរអាចកើតឡើងនៅកន្លែងដែលត្រជាក់បំផុត ឬក្តៅបំផុត។
ថប់អារម្មណ៍ ឬភ័យខ្លាច
បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថា មានបញ្ហាភ័យខ្លាចខុសធម្មតា ឬថប់អារម្មណ៍ ដូច្នេះអ្នកក៏ងាយនឹងមានបញ្ហាគ្រុនញ៉ាក់ដោយមិនក្តៅខ្លួនផងដែរ។ រឿងនេះកើតឡើងជាការពិតដែរបើសិនជាជំងឺនោះធ្ងន់ធ្ងរ។ យ៉ាងណាមិញ ទោះបីជាអ្នកមិនមានជំងឺផ្លូវចិត្តប្រភេទនេះក៏ដោយ អ្នកក៏ងាយនឹងមានអាការៈញ៉ាក់ខ្លួនដែរ បើសិនជាមានប្រតិកម្មផ្លូវចិត្តខ្លាំងដូចជា ខឹង ឬសប្បាយចិត្តពេក។
ជាតិស្ករក្នុងឈាមចុះទាប
ការកង្វះជាតិស្ករក្នុងឈាមមានអាការៈមួយចំនួនដូចជា ឃ្លានខ្លាំង ឈឺក្បាល វិលមុខ បែកញើស អារម្មណ៍មិនល្អ ថប់អារម្មណ៍ និងញ៉ាក់រាងកាយ។ អ្វីដែលជាដំណឹងល្អនោះគឺថា ការញ៉ាំអ្វីមួយដែលមានជាតិផ្អែមដូចជា ស្ករគ្រាប់ ឬទឹកផ្អែមណាមួយអាចជួយជាតិស្ករក្នុងឈាមមកធម្មតាវិញបាន។
ផលរំខាននៃការប្រើថ្នាំ ឬថ្នាំបំប៉ន
វាក៏ជារឿងមួយកើតឡើងញឹកញាប់ណាស់ដែលអ្នកមានអាការៈញ៉ាក់រាងកាយដោយមិនក្តៅខ្លួន ដោយសារតែផលរំខាននៃការលេបថ្នាំ ជាពិសេសប្រើថ្នាំក្នុងកម្រិតមិនត្រឹមត្រូវ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកជឿថា ការលេបថ្នាំលើសកម្រិត យកល្អគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕