ភាគច្រើននៃពួកយើងគិតថាអ្នកផលិតថ្នាំជក់បានបន្ថែមជាតិនីកូទីនដោយចេតនាចូលទៅក្នុងផលិតផលរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅជាតិនីកូទីន គឺជាថ្នាំសំលាប់សត្វល្អិតដែលត្រូវបានប្រើប្រាស់ដោយអ្នកដាំថ្នាំជក់ដើម្បីបំពុលសត្វល្អិត និងសត្វតូចៗដទៃទៀតដែលស៊ីស្លឹកថ្នាំជក់។ ទោះជាយ៉ាងណាវាបង្កផលប៉ះពាល់អាក្រក់ដូចគ្នាចំពោះសុខភាពមនុស្ស។ នីកូទីនជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទដែលអ្នកជក់បារីបានស្រូបចូល។ ការស្រូបយកនូវសារធាតុនេះបង្កឲ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំង ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺមហារីកសួត។ ប៉ុន្តែកុំបារម្ភ! អ្នកអាចបន្សាប ឬកាត់បន្ថយជាតិនីកូទីនបានដោយគ្រាន់តែទទួលទានអាហារនិងភេសជ្ជៈដែលវេបសាយសុខភាព Health.com.kh បង្ហាញខាងក្រោមនេះ ៖
១. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់ជាភេសជ្ជៈដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយកម្ចាត់ជាតិនីកូទីនចេញពីក្នុងរាងកាយ។ ដូច្នេះចូរព្យាយាមទទួលទានទឹកក្រូចស្រស់ឱ្យបានជាប្រចាំ។
២. ផ្លែគីវី
ផ្លែឈើនេះនឹងជួយកម្ចាត់ជាតិនីកូទីនចេញពីរាងកាយបានយ៉ាងប្រសើរ។ ការទទួលទានផ្លែគីវីជួយបំពេញបន្ថែមវីតាមីន A វីតាមីន C និងវីតាមីន E ដល់រាងកាយ ខណៈដែលនៅពេលជក់បារីកម្រិតនៃវីតាមីនទាំងនេះត្រូវបានថយចុះគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតផ្លែគីវីក៏ជាប្រភពដ៏ល្អបំផុតមួយនៃ Inositol និងក្លរ៉ូភីលដែលជួយបន្សាបជាតិក្នុងថ្លើមផងដែរ។
៣. ផ្កាខាត់ណាខៀវ
អ្នកអាចកាត់បន្ថយកម្រិតនៃជាតិនីកូទីនក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែទទួលទានផ្កាខាត់ណាខៀវ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន B និងវីតាមីន C ហើយជួយបំពេញបន្ថែមនូវវីតាមីន C ដែលអ្នកបានបាត់បង់នៅពេលជក់បារី។ លើសពីនេះទៅទៀត វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាជាតិពុលក្នុងរាងកាយទាំងមូលផងដែរ។
៤. ការ៉ុត
ជាតិនីកូទីននៅពេលស្រូបចូលអាចជ្រាបដល់ខួរក្បាល ប្រព័ន្ធសសៃឈាម និងស្ថិតក្នុងរាងកាយរយៈពេលយូរដែលធ្វើឱ្យខូចខាត់ដល់ស្បែកថែមទៀត។ ទោះជាយ៉ាងណា ទឹកការ៉ុតអាចជួយទប់ស្កាត់ប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននេះបានយ៉ាងប្រសើរ! ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A វីតាមីន C វីតាមីន K និងវីតាមីន B ដែលជួយកម្ចាត់ជាតិនីកូទីនចេញពីក្នុងរាងកាយ។
៥. ទឹក
ទឹកធម្មតា អាចជួយកម្ចាត់ ឬបន្សាបសឹងតែគ្រប់ប្រភេទនៃជាតិពុលគ្រោះថ្នាក់ និងសារធាតុគីមីចេញពីក្នុងរាងកាយ រួមបញ្ចូលទាំងជាតិនីកូទីន។ សារធាតុគីមីនីកូទីន គឺងាយនឹងរលាយក្នុងទឹក ដូច្នេះចូរទទួលទានទឹកឱ្យបានពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ។
៦. ខ្ទឹមស
មានប្រសិទ្ធភាពកាត់បន្ថយជាតិនីកូទីនក្នុងសួត ហើយក៏កម្ចាត់ជាតិខ្លាញ់ក្នុងឈាមផងដែរ។ លក្ខណៈសម្បត្តិអង់ទីប៊ីយូទិកនៃខ្ទឹមសជួយបន្សាបជាតិពុលផ្សេងៗចេញពីប្រព័ន្ធភាពស៊ាំ។ វាក៏បង្កើនការផលិតអង់ស៊ីមបន្សាបជាតិពុលក្នុងរាងកាយដែលអាចច្រោះជាតិនីកូទីនបានយ៉ាងប្រសើរថែមទៀត៕