ជាញឹកញយអាការៈមុនពេលមករដូវតែងបង្កផលប៉ះពាល់ដល់ស្ត្រីសឹងតែរៀងរាល់ខែពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ។ ក្នុងចំណោមអាការៈទាំងនោះរួមមានវិលមុខ ឆាប់ឆេវឆាវ ឈឺក្បាលឃ្លានខ្លាំង ចុករមួលក្នុងពោះ និងអស់កម្លាំងជាដើម។ អាការៈមុនពេលមករដូវអាចកើតឡើងមុនពេលចាប់ផ្ដើមមករដូវ ហើយក៏បាត់ទៅវិញដោយឯងឯកនៅពេលក្រោយ។ ទោះជាយ៉ាងណាអ្នកអាចសម្រាលអាការៈឈឺចាប់បានឆាប់រហ័សជាងធម្មតាជាមួយរូបមន្តបែបធម្មជាតិចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់មុនពេលនិងកំឡុងពេលមករដូវ ៖

១. ទទួលទានទទួលទានបន្លែអោយច្រើនជាងមុន

ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវនោះអ្នកគួរចាប់ផ្ដើមទទួលទានបន្លែឱ្យច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយសម្រាលអាការៈចុករមួលក្នុងពោះ។

២. ងូតទឹកក្ដៅឧណ្ហៗ

កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! លើសពីនេះទៅទៀតការងូតទឹកក្ដៅក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលទាំងកាយនិងចិត្តផងដែរ។

៣. ទទួលទានតែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់​ខ្ញី​ជាចំណិតតូចៗ រួច​ដាក់​ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែងសម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នក​អាចទទួលទានពី ២ ទៅ​ ៣ដង​ក្នុង​មួយ​ថ្ងៃ​។

៤. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់។

៥. ធ្វើលំហាត់ប្រាណ

នារីមួយចំនួនគិតថាការធ្វើលំហាត់ប្រាណកំឡុងពេលមករដូវអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការធ្វើលំហាត់ប្រាណស្រាលៗដូចជាការរត់ ការដើរ ជិះកង់ ហាត់យូហ្កា ឬសន្ធឹងខ្លួនប្រាណដៃជើង គឺចាំបាច់ណាស់ដើម្បីបង្កើនកម្រិតនៃអ័រម៉ូន endorphins ក្នុងរាងកាយដែលជួយបំបាត់ការឈឺចាប់និងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី៕