តើអ្នកមានទម្លាប់កក់សក់ជារៀងរាល់ថ្ងៃមែនទេ? ពេលខ្លះ ២ដងក្នុងមួយថ្ងៃ? មិនអាចទ្រាំជាមួយបញ្ហាសក់ឡើងប្រេងខ្លាំងនៅថ្ងៃបន្ទាប់ឬ? ឈប់ភ្លាមទៅ!ក៏ព្រោះការកក់សក់រាល់ថ្ងៃអាចផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ ថាតើផលអាក្រក់ទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរកក់សក់រាល់ថ្ងៃនិងរបៀបត្រឹមត្រូវក្នុងការកក់សក់ ៖

១. បាត់បង់ជាតិប្រេងធម្មជាតិនៃសក់ និងស្បែកក្បាល

ការកក់សក់រាល់ថ្ងៃនឹងកម្ចាត់ជាតិប្រេងធម្មជាតិនៃសក់ និងស្បែកក្បាល។ ជាតិប្រេងទាំងនេះ គឺត្រូវបានផលិតឡើងដោយរាងកាយដើម្បីការពារ ក៏ដូចជាធ្វើឱ្យសុខភាពស្បែកក្បាល និងសក់កាន់តែប្រសើរឡើង។ កង្វះនៃជាតិប្រេងធម្មជាតិនេះនឹងធ្វើឱ្យស្បែកក្បាលប្រែជាស្ងួត ហើយខូចសក់។

២. បាត់បង់ពណ៌ធម្មជាតិនៃសក់

ធ្លាប់ដឹងទេថា ការកក់សក់រាល់ថ្ងៃនឹងបណ្ដាលឱ្យបាត់បង់ពណ៌នៃសក់? ប្រសិនបើអ្នកចូលចិត្តពណ៌សក់របស់ខ្លួន ចូរជៀសវាងការកក់សម្អាតវារាល់ថ្ងៃ។

៣. សក់ប្រែជាស្ងួត និងរួញក្រញាញ់

ជាតិប្រេងធម្មជាតិផ្ដល់ឱ្យសក់នូវពន្លឺ​ ភាពរលោង ហើយមិនស្ងួតក្រញាញ់ជាប់គ្នា។ ការកក់សក់រាល់ថ្ងៃនឹងកម្ចាត់ជាតិប្រេងធម្មជាតិនៃសក់គួរឱ្យកត់សម្គាល់។

៤. ខ្ជះខ្ជាយ

ការកក់សក់រាល់ថ្ងៃ គឺមិនមែនជារឿងចាំបាច់សោះឡើយ។ ការកក់រាល់ថ្ងៃនឹងធ្វើឱ្យអ្នកខ្ជះខ្ជាយទឹក, សាប៊ូ និងក្រែមបន្ទន់ដោយគ្មានបានផលប្រសើរអ្វីមកវិញ ក្រៅពីបញ្ហាមិនល្អ។ អ្នកអាចសន្សំសំចៃថវិការរបស់អ្នកបានមួយចំនួន តាមរយៈការកម្រិត ឬកំណត់ចំនួននៃការកក់សក់ដោយមិនលើសពី ៣ ដងក្នុងមួយសប្តាហ៍។

៥. សក់ទទួលរងការខូចខាតដោយកម្ដៅ

ការកក់សម្អាតសក់រៀងរាល់ថ្ងៃក៏មានន័យថា អ្នកប្រើប្រាស់ម៉ាស៊ីនផ្លុំ មូររួញ ឬកៀបសក់ឱ្យត្រង់រាល់ថ្ងៃដូចគ្មានដែរ។ ទប់ស្កាត់បញ្ហាសក់ខូចដោយកម្ដៅ ឬម៉ាស៊ីនលេងស្ទាយសក់តាមរយៈការកាត់បន្ថយពេលនៃការកក់សក់របស់អ្នក។

ដូច្នេះដើម្បីរក្សាបាននូវសុខភាពសក់ល្អប្រសើរ អ្នកមិនគួរកក់សក់លើសពី ៣ ទៅ ៤ ដង ក្នុងមួយសប្តាហ៍ឡើយ។ ទម្លាប់នេះជួយរក្សាសុខភាពសក់និងស្បែកក្បាលដោយមិនធ្វើឱ្យសក់ស្ងួត ហើយងាយទទួលរងការបំផ្លាញ។ ប្រសិនបើសក់របស់អ្នកឡើងប្រេងខ្លាំង ចូរប្រើប្រាស់រូបមន្តបែបធម្មជាតិ ឬសាកល្បងផលិតផលសាប៊ូស្ងួត។

  • របៀបត្រឹមត្រូវក្នុងការកក់សក់ ៖ 

១. បន្សើមសក់របស់អ្នក

២. ប្រើប្រាស់សាប៊ូ ហើយប្រញាប់ញីអោយសព្វចូលស្បែកក្បាល

៣. លាងសម្អាតចេញអោយស្អាតជាការស្រេច៕