ធ្លាប់ដឹងទេថាការតមមិនទទួលទានអាហារពេលល្ងាចដើម្បីសម្រកទម្ងន់ ឬដោយសារគ្មានពេលនិងថាមពលព្រោះស្ត្រេសអាចបណ្ដាលឱ្យអ្នកជួបបញ្ហាសុខភាពច្រើនផ្សេងទៀតបានយ៉ាងងាយ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរចូលគេងទាំងឃ្លាន ​៖

១. ភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍កើនឡើងខ្ពស់

ការគេងបានគ្រប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ គឺចាំបាច់បំផុតសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលមានជីវិតពោរពេញដោយភាពស្ត្រេស។ នោះក៏ព្រោះតែការគេងគ្រប់គ្រាន់ផ្ដល់ឱ្យរាងកាយនិងអារម្មណ៍នូវភាពប្រសើរឡើង។ ទោះជាយ៉ាងណាយើងមិនអាចគេងបានស្កប់ឡើយប្រសិនបើចេះតែមានអារម្មណ៍ឃ្លាន។ ទន្ទឹមនឹងនេះភាពស្ត្រេសក៏មិនត្រូវបានកាត់បន្ថយឡើយ។ ដូច្នេះដើម្បីជាការប្រសើរចូរកុំចូលគេងទាំងឃ្លាន។

២. អារម្មណ៍ប្រែប្រួលឆាប់រហ័ស

ពិតណាស់ភាពឃ្លានមិនអនុញ្ញាតឱ្យអ្នកគេងលក់ស្រួលឡើយ ហើយបញ្ហានេះក៏ជះឥទ្ធិពលលើអារម្មណ៍គួរឱ្យកត់សម្គាល់ផងដែរ។ ម្យ៉ាងវិញទៀតការគេងមិនគ្រប់បណ្ដាលឱ្យរាងកាយខ្វះនូវកាប៉ូអ៊ីដ្រាតដែលដើរតួនាទីចាំបាច់ក្នុងការសំយោគអ័រម៉ូនរីករាយសេរ៉ូតូនីន។ ជាពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាថប់បារម្ភផងដែរនោះកុំចូលគេងទាំងឃ្លានឱ្យសោះក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់ឡើង។

៣. ខ្វះថាមពលរាងកាយ

អ្នកអាចនឹងមានអារម្មណ៍ថាអស់ថាមពល ឬគ្មានកម្លាំងខុសធម្មតានៅថ្ងៃបន្ទាប់ក្រោយពេលចូលគេងទាំងឃ្លានដោយមិនបានទទួលទានអាហារពេលល្ងាច។ ការឃ្លានមិនត្រឹមតែជះឥទ្ធិពលដល់ការគេងបានគ្រប់គ្រាន់ដែលជួយផ្ដល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែរាងកាយក៏នឹងមិនអាចទទួលបានថាមពលបន្ថែមដើម្បីបំពេញដំណើរការមុខងារផ្សេងៗផងដែរប្រសិនបើអ្នកមិនទទួលទានអាហារអ្វីសោះ។

៤. កើនទម្ងន់

ប្រសិនបើអ្នកគិតថាការរំលងអាហារពេលល្ងាចអាចជួយឱ្យអ្នកស្គមជាងមុនចូរគិតម្ដងទៀត។ អ្នកជំនាញជាច្រើននិយាយថាការធ្វើបែបនេះតាមពិតទៅមានតែនាំឱ្យកើនទម្ងន់លើសដើមប៉ុណ្ណោះ។ នោះក៏ព្រោះតែការគេងមិនគ្រប់ដោយសារឃ្លានពន្យឺតដំណើរការដុតរំលាយអាហារក្នុងរាងកាយដែលនឹងបង្កផលប៉ះពាល់ដល់ទម្ងន់របស់អ្នក។ លើសពីនេះទៅទៀតកង្វះនៃការគេងជះឥទ្ធិពលដល់ចំណង់អាហារធ្វើឱ្យអ្នកឃ្លានខ្លាំង ហើយអាចនឹងទទួលទានច្រើនលើសមិនខាន។

៥. គេងមិនលក់

ពិតណាស់ការទទួលទានច្រើនពេក គឺជាបញ្ហាមួយដែលធ្វើឲ្យគេងលក់មិនស្រួលស្កប់ ប៉ុន្តែការចូលគេងទាំងនៅឃ្លានក៏នឹងមិនធ្វើឲ្យអ្នកគេងលក់បានស្រួលដូចគ្នា។ ដូច្នេះការទទួលទានអាហារសម្រន់ប្រហែល ១៥០ កាឡូរី នៅមុនពេលចូលគេងមួយម៉ោង គឺជាការប្រសើរដោយវាផ្ដល់អោយរាងកាយនូវថាមពលគ្រប់គ្រាន់ជួយឲ្យឆាប់គេងលក់។ អាហារដ៏ល្អដែលគួរទទួលទានមុនពេលចូលគេងមានដូចជា គ្រាប់ធញ្ញជាតិ និងផ្លែឈើគ្មានជាតិផ្អែម។