មិនគួរធ្វេសប្រហែសមើលរំលងឡើយ កង្វះជាតិម៉ាញ៉េស្យូមអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភជាច្រើន ខណៈដែលដំណើរការមុខងារមួយភាគធំក្នុងរាងកាយពឹងផ្អែកលើវា។ ប៉ុន្តែថាតើយើងអាចសម្គាល់ដឹងពីបញ្ហាខ្វះជាតិម៉ាញ៉េស្យូមក្នុងរាងកាយបានតាមរបៀបណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលរាងកាយខ្វះជាតិម៉ាញ៉េស្យូម ៖

១. រមួលសាច់ដុំ ឬរមួលក្រពើ

ឧស្សាហ៍រមួលក្រពើនិងឈឺចាប់សាច់ដុំញឹកញាប់អាចជារោគសញ្ញាមួយនៃកម្រិតម៉ាញ៉េស្យូមធ្លាក់ចុះទាបក្នុងរាងកាយ ហើយនេះក៏ព្រោះតែម៉ាញ៉េស្យូម រួមជាមួយវីតាមីន D E និង B មានប្រសិទ្ធភាពក្នុងការទប់បញ្ហារមួលក្រពើឈឺចាប់សាច់ដុំ។

២. បេះដូងលោតញាប់

សាច់ដុំបេះដូងត្រូវការជាតិម៉ាញ៉េស្យូមដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះហើយទើបកង្វះជាតិម៉ាញ៉េស្យូមអាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសប្រក្រតី។

៣. ឈឺក្បាលខ្លាំង

កង្វះជាតិម៉ាញ៉េស្យូមអាចបណ្ដាលឱ្យសសៃឈាមក្នុងខួរក្បាលរួមតូចនិងរីកធំឆាប់រហ័សដែលបង្កបញ្ហាឈឺក្បាលប្រកាំង ឬឈឺក្បាលខ្លាំងញឹកញាប់។

៤. អស់កម្លាំងល្ហិតល្ហៃ

រាងកាយត្រូវការម៉ាញ៉េស្យូមចាំបាច់ដើម្បីបង្កើតថាមពលក្នុងកោសិកា។ ដូច្នេះប្រសិនបើគ្មានម៉ាញ៉េស្យូមទេនោះអ្នកនឹងមិនអាចមានកម្លាំងគ្រប់គ្រាន់ឡើយ។

៥. គេងមិនលក់

នោះក៏ព្រោះតែម៉ាញ៉េស្យូមគឺចាំបាច់សម្រាប់មុខងារសម្រាករបស់ខួរក្បាលដែលធ្វើឱ្យអ្នកគេងលក់បានស្រួលហើយស្កប់។ ដូច្នេះប្រសិនបើអ្នកគេងមិនលក់ជាញឹកញាប់នោះវាអាចបណ្ដាលមកពីកង្វះនៃជាតិម៉ាញ៉េស្យូមហើយ។

៦. ឧស្សាហ៍ទល់លាមក

កម្រិតនៃជាតិម៉ាញ៉េស្យូមទាបអាចពន្យឺតមុខងារនៃសរីរាង្គដទៃទៀត រួមទាំងប្រព័ន្ធរំលាយអាហារដែលនឹងធ្វើអោយអ្នកទល់លាមកញឹកញាប់។ អាការៈឈឺរមួលនិងហើមពោះក៏អាចកើតមានអមមកជាមួយផងដែរ៕