កើតនៅថ្ងៃទី ១៦ ខែមេសាឆ្នាំ ១៨៨៩ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស លោក ឆាលី ឆាបភ្លីន បានធ្វើការជាមួយក្រុមរាំរបាំកុមារមួយ មុនពេលល្បីល្បាញក្នុងវិស័យភាពយន្តកំប្លែង។
ឪពុករបស់ឆាលីដើរតួនាទីមិនសំខាន់ឡើយនៅក្នុងជីវិតរបស់ស្តេចកំប្លែងរូបនេះ។ ឪពុកគាត់ជាមនុស្សប្រមឹក។ ម្ដាយរបស់គាត់គឺជាអ្នកសម្តែងល្ខោននិងជាអ្នកកំប្លែងផងដែរ។ ជារឿយៗលោកស្រីតែងសម្តែងជាលក្ខណៈឯកជនដើម្បីឱ្យកូនប្រុសរបស់គាត់សើច។ លុយក្នុងគ្រួសារគឺខ្សត់ខ្សោយណាស់ ប៉ុន្តែសំណើចមិនដែលរីងស្ងួតក្នុងគ្រួសារឆាភ្លីនឡើយ។
ប៉ុន្ដែភាពក្រីក្របានសង្កត់មកលើគ្រួសារឆាភ្លីនកាន់តែធ្ងន់ធ្ងរ។ ឆាលី ឆាភ្លីនបានចំណាយពេលកុមារភាពរបស់គាត់ទាំងអស់ក្នុងវិបត្តិនិងភាពក្រីក្រ។ ប៉ុន្តែភាពលំបាកតោកយ៉ាកពិតជាបានជួយគាត់។ គាត់បានមើលឃើញថា គ្រួសារគាត់នឹងមិនអាចរស់បានឡើយ បើនៅតែក្រីក្រយ៉ាងនេះ។ គាត់មិនដែលមានជីវិតជាកុមារដូចគេដូចឯងនោះទេ ព្រោះពិភពលោកបានយកវាចេញឆ្ងាយពីគាត់តាំងពីតូច ដោយសារតែភាពក្រីក្រ។
ទោះគ្មាននរណាម្នាក់ដឹងអំពីរឿងនេះក៏ដោយ ក៏ប៉ុន្តែការឈឺចាប់របស់គាត់បានក្លាយជាសំណើចធ្វើឱ្យយើងសើច។ ប៉ុន្តែខ្សែភាពយន្តរបស់គាត់មិនដែលបណ្តាលឱ្យនរណាម្នាក់ឈឺចាប់ឡើយ។
មិនត្រឹមតែសម្តែងមួយមុខប៉ុណ្ណោះទេ ឆាភ្លីនក៏បានបង្កើនជំនាញខាងតែងនិពន្ធ តែងបទចម្រៀង និងលេងកីឡាទៀតផង។ គាត់គឺជាអ្នកនិពន្ធសៀវភៅ ៤ ក្បាលគឺសៀវភៅ “My Trip Abroad” សៀវភៅ “A Comedian Sees the World” សៀភៅ “My Autobiography” និងសៀវភៅ “My Life in Pictures” និង ស្នាដៃនិពន្ធអត្ថបទជាច្រើនទៀតផងដែរ។ ឆាលី ក៏ជាតន្ត្រីក៏ដ៏ពូកែផងដែរ ដោយចេះលេងវីយូឡុងដោយប្រើដៃឆ្វេង៕
ប្រភព៖ rasmeinews.com