ការរលូតកូនអាចធ្វើឲ្យមានអារម្មណ៍ឈឺចាប់ខ្លាំង និងស្ទើរតែមិនអាចទប់ចិត្តបានឡើយ។ នៅពេលមានផ្ទៃពោះហើយមិនអាចពរពោះដល់គ្រប់ខែ រហូតដល់បាត់បង់កូន មិនមែនមានស្រ្តីណាសុទ្ធតែអាចធ្វើចិត្តបាននោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយ យកល្អគួរតែដឹងថា បើសិនជាអ្នកនឹងមានផ្ទៃពោះម្តងទៀត គួរតែស្វែងរកនូវមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបង្ការការរលូតកូននេះ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាការរលូតកូនកើតឡើងដោយសារតែការខូចខាតនូវរចនាសម្ព័ន្ធក្នុងខ្លួនដូចជា ស្បូនមានរូបរាងខុសប្រក្រតី ឬមានការខូចហ្សែនក្នុងមេជីវិតឈ្មោល ឬញី នោះដៃគូទាំងសងខាងគ្មានអ្វីអាចនឹងធ្វើ ឬដោះស្រាយបានឡើយ។
ម៉្យាងវិញទៀត មានហេតុផលនៃការរលូតកូនផ្សេងទៀតដែលអាចព្យាបាលបាន ដូចជា ការកំណត់របបអាហាររបស់ម្តាយឲ្យបានត្រឹមត្រូវដើម្បីធានាបានសុខភាពប្រដាប់បន្តពូជរបស់នាង និងការហាត់ប្រាណ។
ខាងក្រោមនេះគឺជាមធ្យោបាយ ៥យ៉ាងដើម្បីបង្ការការរលូតកូនបន្តទៀត៖
ត្រៀមខ្លួនឲ្យរួចរាល់សិនមុននឹងយកកូន
ពេលវេលាមុនពេលមានផ្ទៃពោះអាចជារឿងដែលសំខាន់ដូចគ្នានឹងការពរពោះរយៈពេល៩ខែដែរ។ ក្នុងរយៈពេលប៉ុន្មានខែមុននឹងសម្រេចយកកូន យកល្អគួរតែធ្វើយ៉ាងណាលាងសម្អាតជាតិពុលពីក្នុងខ្លួនឲ្យអស់ និងបង្កើតនូវមជ្ឈដ្ឋានប្រកបដោយសុខភាពល្អមួយសម្រាប់ទារក។ ដើម្បីធ្វើបែបនេះបាន អ្នកគួរតែឈប់ញ៉ាំគ្រឿងស្រវឹង និងជក់បារី។ បន្តការហាត់ប្រាណជាទៀងទាត់ និងញ៉ាំអាហារផ្តល់សុខភាព ជាពិសេសរបបអាហារទៀងទាត់។
អាហារ
អ្វីដែលអ្នកញ៉ាំគឺមានសារៈសំខាន់បំផុតទាំងមុន និងក្នុងពេលមានផ្ទៃពោះ។ របបអាហារត្រឹមត្រូវនឹងជួយផ្តល់ជីវជាតិដល់រាងកាយ និងបង្កើតជាមជ្ឈដ្ឋានដ៏ល្អសម្រាប់ទារក។ ការញ៉ាំអាហារសម្បូរជីវជាតិក៏មានឲទ្ធិពលទៅលើតុល្យភាពអ័រម៉ូន និងពង្រឹងដល់សុខភាពបន្តពូជដែរ។ ចូរញ៉ាំអាហារណាដែលសម្បូរជាតិកាលស្យូម វីតាមីន C ស័ង្គសី និងម៉ាញ៉េស្យូមដើម្បីជួយឲ្យមានសុខភាពល្អក្នុងពេលមានផ្ទៃពោះ។ ចូរចៀសវាងអាហារកៃឆ្នៃ អាហារឆៅ និងគ្រឿងសមុទ្រ។
ថ្នាំបំប៉ន
ស្រ្តីភាគច្រើនមិនទទួលបានវីតាមីន និងជាតិដែកគ្រប់គ្រាន់ដើម្បីបង្កើតជាឆ្អឹងរឹងមាំសម្រាប់ការមានផ្ទៃពោះប្រកបដោយសុខភាពល្អទេ។ មានថ្នាំបំប៉នជីវជាតិពិសេសៗជាច្រើនដែលស្រ្តីត្រូវការប្រើទាំងមុនពេល និងក្នុងពេលមានផ្ទៃពោះ។ វីតាមីនត្រៀមការមានផ្ទៃពោះគួរតែមានដូចជា វីតាមីន B6, B12 និង Folic Acid ដើម្បីបង្ការការរលូតកូន។ ថ្នាំបំប៉នប្រភេទអូមេហ្គាបី ក៏ជួយរក្សានូវតុល្យភាពអ័រម៉ូន និងពង្រឹងដល់ភាពឆាប់មានផ្ទៃពោះផងដែរ។
ផ្តាច់បារី
ការជក់បារីគឺប៉ះពាល់យ៉ាងខ្លាំងដល់គុណភាព និងបរិមាណរបស់មេជីវិតឈ្មោល ព្រមទាំងសុខភាពប្រដាប់បន្តពូជរបស់ស្រ្តីផងដែរ។ ការសិក្សាបានបង្ហាញថា ការផ្តាច់បារីអាចជួយបង្កើនចំនួនមេជីវិតឈ្មោល និងបង្កើនឱកាសនៃការមានផ្ទៃពោះបានយ៉ាងគួរឲ្យកត់សម្គាល់។ នៅពេលមានផ្ទៃពោះ យកល្អ ដៃគូទាំងពីរនាក់គួរតែចៀសឲ្យឆ្ងាយពីការបារីដើម្បីបង្ការការរលូតកូន កូនកើតមិនគ្រប់ខែ និងកូនកើតមកខូចអវៈយវៈ។
ផ្តាច់គ្រឿងស្រវឹង
នៅពេលអ្នកព្យាយាមមានផ្ទៃពោះ យកល្អគួរតែចៀសពីការញ៉ាំគ្រឿងស្រវឹងទាំងស្រុងតែម្តង។ គ្រឿងស្រវឹងអាចប៉ះពាល់ដល់សមត្ថភាពនៃការមានកូនបាន ហើយការញ៉ាំវាជាទៀងទាត់បង្កើនការប្រឈមនឹងការរលូតកូនថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែល អ្នកជំនាញមួយចំនួនបញ្ជាក់ថា គ្រាន់តែញ៉ាំស្រាមួយកែវ ឬគ្រឿងស្រវឹងតែម្តងគឺគ្មានអ្វីទាស់ខុសនោះ តែវាពិតជាល្អឡើងវិញបើសិនជាចៀសឲ្យអស់តែម្តងនោះ។
ខណៈពេលដែលវិធីទាំងអស់ខាងលើនេះអាចជួយបង្ការការរលូតកូនបាន ប៉ុន្តែវាមិនមែនអាចធានា ១០០ភាគរយថានឹងមានប្រសិទ្ធភាពនោះទេ៕