សព្វថ្ងៃនេះមានប្រជាជនខ្មែរយើងច្រើនណាស់ដែលមានអាការៈ ស្ពឹក ឬឈឺនៅជើង និងដៃ ហើយតែងតែយល់ថា មានអ្វីមួយខុសធម្មតានៅលើជើង និងដៃគាត់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងនេះក្តី បើសិនជាយើងសង្កេតមើលឲ្យច្បាស់វិញ វាទំនងជាមិនសូវទាក់ទងនឹងកន្លែងទាំងនេះឡើយ ប៉ុន្តែវាអាចទាក់ទងនឹងបញ្ហានៅឆ្អឹងកងខ្នងយើងទៅវិញទេ នោះគឺការលានទ្រនាប់ឆ្អឹងកងខ្នងតែម្តង។
ធម្មតា ទ្រនាប់ឆ្អឹងកងខ្នងមានលក្ខណៈទន់ដូចជាចាហ៊ួយអញ្ចឹង ដែលវាមាននាទីជួយផ្តល់ចលនាដល់ឆ្អឹងកងខ្នងបាន។ ពេលខ្លះ ការដែល ទ្រនាប់ឆ្អឹងកងខ្នងនេះលានចេញមកខាងក្រៅ ឬរហែក វានឹងអាចនឹងសង្កត់ទៅលើសរសៃប្រសាទនៅក្បែរនោះ។
ជំងឺលានទ្រនាប់ឆ្អឹងកងខ្នង អាចបណ្តាលឲ្យរលាកដល់សរសៃប្រសាទក្បែរនោះ និងបង្កជាការឈឺចាប់ ស្ពឹក ឬខ្សោយដៃ ឬជើង។ ម៉្យាងវិញទៀត មានមនុស្សច្រើនណាស់ដែលមិនមានរោគសញ្ញានេះសោះតែម្តងទោះបីជាទ្រនាប់ឆ្អឹងកងខ្នងលានចេញហើយក៏ដោយ។ ភាគច្រើន អ្នកដែលមានជំងឺនេះមិនត្រូវការវះកាត់ដើម្បីដោះស្រាយបញ្ហានោះទេ។
យ៉ាងណាមិញ អាការៈភាគច្រើននៃជំងឺនេះវិញមានដូចជា៖
ឈឺដៃឬជើង
បើសិនជាទ្រនាប់ឆ្អឹងកងខ្នងនៅម្តុំចង្កេះលានចេញមកខាងក្រៅ អ្នកនឹងមានអារម្មណ៍ឈឺចាប់នៅកំប៉េះគូថ ភ្លៅ និងស្មងជើង ព្រមទាំងប្រអប់ជើងផងដែរ។ បើសិនជាទ្រនាប់ឆ្អឹងកងខ្នងនៅម្តុំកលានចេញវិញ ការឈឺចាប់ច្រើនតែមានលក្ខណៈខ្លាំងក្លាត្រង់ស្មា និងដៃ។ ការឈឺចាប់បែបនេះប្រហែលជាចាក់ដល់ដៃទាំងមូល ឬជើងដែរនៅពេលក្អក កណ្តាស ឬធ្វើចលនាឆ្អឹងកងខ្នងត្រង់ជំហរណាមួយ។
មានអារម្មណ៍ស្ពឹកឬឈឺឈៀបៗ
អ្នកដែលមានជំងឺលានទ្រនាប់ឆ្អឹងកងខ្នងច្រើនតែធ្លាប់មានអាការៈស្ពឹក ឬឈឺឈៀបៗនៅលើត្រង់តំបន់ណាមួយនៃរាងកាយដែលរងការប៉ះពាល់សរសៃប្រសាទបញ្ជានៅទីនោះ។
ខ្សោយ
សាច់ដុំដែលបញ្ជាដោយសរសៃប្រសាទដែលរងការប៉ះពាល់ដោយការលានទ្រនាប់ឆ្អឹងកងខ្នង ច្រើនតែចុះខ្សោយ។ រឿងនេះប្រហែលជាធ្វើឲ្យអ្នកដើរជំពប់ជើង ឬមិនអាចលើកកាន់អ្វីមួយបានជាប់ឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានអារម្មណ៍ថា ការឈឺនៅក ឬខ្នងរបស់អ្នកចាប់ផ្តើមចាក់ដល់ដៃ ឬជើងហើយ ឬមានជាប់ទាក់ទងនឹងការស្ពឹក ឈឺឈៀបៗ ឬខ្សោយសាច់ដុំទៀតនោះ គួរតែទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល៕